អ្នកនាំពាក្យក្រសួងការងារ៖ អំពាវនាវឲ្យបងប្អូនដែលមិនទាន់មានការងារធ្វើសូមទាក់ទងមកកាន់លេខ ១២៩៧
13-06-2026 16:36
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដអំពាវនាវឲ្យបងប្អូនដែលមិនទាន់មានការងារធ្វើសូមទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួលពីក្រសួងការងារក្នុងការស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសផងដែរ។
ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំអ្នកសារព័ត៌មានចំនួន ១០នាក់ មកពី៥ស្ថាប័ន
ធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា NPIC ដើម្បីចុះថតអំពីឧបករណ៍ ដែលត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី TVET Day។
លោក ស៊ុន មេសា បានឱ្យដឹងថា ចាប់តាំងពីបើកបវេសកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោយពេលដែលសម្ដេចបានប្រកាសនៅចុងឆ្នាំ២០២៣ ក្រសួងការងារ បានធ្វើការមានច្រើនលើកិច្ចការងារនេះ ទាំងការងារផ្សព្វផ្សាយក៏ដូចជាការរៀបចំកន្លែងសិក្សាផ្ទាល់តែម្តង។ហើយការផ្សព្វផ្សាយមានមនុស្សចូលរួមគឺជារឿងមួយ ប៉ុន្តែនៅពេលដែលការត្រៀមរៀបចំសម្ភារៈ ត្រៀមរៀបចំគ្រូ ត្រៀមរៀបចំឧបករណ៍សម្ភារៈ ផ្សេងៗទៀត ដើម្បីបម្រើការបណ្ដុះបណ្ដាល គឺជារឿងចាំបាច់ ហើយការបណ្ដុះបណ្ដាលចាំបាច់ សំខាន់គឺត្រូវតែថ្លឹងថ្លែងចាំបាច់ជាមួយវិស័យឯកជនថែមទៀតផង តើអ្វីដែលយើងបណ្ដុះបណ្ដាលនេះ វិស័យឯកជនទទួលយកបានដែរឬទេ? ទើបធ្វើឲ្យកម្មវិធីនេះជោគជ័យ។
បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា មកដល់ពេលនេះ សម្រាប់ត្រឹមតែឆ្នាំ២០២៥ យើងបានបណ្តុះបណ្ដាលបងប្អូនឲ្យមានជំនាញជាក់លាក់នៅក្នុងកម្មវិធី ១.៥សែន ប្រមាណជាង២៧ម៉ឺននាក់។
ហើយគិតត្រឹមរយៈពេល៣ខែក្នុងឆ្នាំ២០២៦ បងប្អូនដែលជាអតីតពលករមកពីប្រទេសថៃ ដែលកំពុងរស់នៅក្នុងប្រទេសមានចំនួនជាង៧៧ម៉ឺននាក់ ដែលកំពុងរស់នៅមានវត្តមាននាពេលបច្ចុប្បន្ន។ ហើយមានការងារធ្វើប្រមាណជា៦៥ម៉ឺននាក់ ទាំងនៅក្នុងវិស័យ និងក្រៅវិស័យផងដែរ។ ហើយនៅសល់បងប្អូនប្រមាណជាង១០ម៉ឺននាក់ទៀត ដែលមិនទាន់សម្រេចចិត្តនៅក្នុងការធ្វើការ ឬក៏នៅផ្ទះ ក្នុងការប្រកបរបរ ឬក៏នៅផ្ទះសិន ដែលមិនទាន់សម្រេចក្នុងការធ្វើការ៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖




