សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តផ្តល់ឱវាទ ក្នុងកម្មវិធីបុណ្យសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា និងបើកបវេសកាលពុទ្ធិកបឋមសិក្សា នៅវត្តស្នាយបុណ្យ ស្រុកមេសាង (Video inside)
13-06-2026 16:42
(ព្រៃវែង)៖ សម្តេច ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ និមន្តផ្តល់ឱវាទ និងសម្តែងព្រះធម៌ទេសនា ចែកជូនជាធម្មទាន ក្នុងពិធីសម្ពោធបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា និងបើកបវេសកាលពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សាព.ស២៥៧០ គ.ស២០២៦-២០២៧ ទូទាំងស្រុកមេសាង និងរាប់បាត្រព្រះសង្ឃ១៣០អង្គ ស្ថិតក្នុងបរិវេណ វត្តស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ពិធីបុណ្យនេះ មានការផ្ដួចផ្ដើមដោយមហាឧបាសក អៀង អឿន និង មហាឧបាសិកា ឌឿក សាគីម និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃ នាយកមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន និងភរិយា ត្រូវជាកូន ព្រមទាំងកូនចៅ និងក្រុមសាច់ញាតិព្រះធម៌ ព្រះសង្ឃ អាចារ្យ គណៈកម្មការ រួមនិងពុទ្ធបរិស័ទជិតឆ្ងាយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាស្នាយបុណ្យផងដែរ។
ក្នុងឱកាសនោះ មហាឧបាសក អៀង សុធារ៉ា បានជម្រាបជូនថា ថ្ងៃនេះគឺជាពេលវេលាដ៏ពិសេស ជាថ្ងៃប្រវត្តិសាស្ត្រយើងទាំងអស់គ្នានៅស្រុកមេសាង ពីព្រោះគឺជាថ្ងៃសម្ពោធបុណ្យឆ្លងសាលាពុទ្ធិកបឋមសិក្សា នៅក្នុងវត្តស្នាយបុណ្យ និងបើកបវេសកាលពុទ្ធិកបឋមសិក្សា។
លោកមហាឧបាសក អៀង សុធារ៉ា បានបន្តថា ចំពោះកម្មវិធីនៅថ្ងៃនេះមានចំនួន៣ ចំណុចសំខាន់ដោយចំនុចទី១៖ ទាក់ទងទៅនឹង វត្តស្នាយបុណ្យនិងព្រះគ្រូចៅអធិការ ចំណុចទី២៖ អំពីលោកឪពុកអ្នកម្ដាយទាក់ទងទៅនឹងការកសាងវត្តស្នាយបុណ្យ និងទី៣៖ អំពីសម្តេច ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា ដែលមានទំនាក់ទំនងជាមួយលោក។
ចំណុចទាំង៣នោះ លោកបានរំលេចថា ចំពោះវត្តស្នាយបុណ្យ ពីមុនមកលោកមិនដែលស្គាល់វត្តនេះទេ ហើយក៏មិនដែលស្គាល់ព្រះគ្រូចៅអធិការនោះដែរ ដោយសារលោក មានស្រុកកំណើតនៅឯស្រុកបាភ្នំ។ បន្តាប់មក លោកឪពុករបស់លោក បានណែនាំឲ្យលោកស្គាល់វត្តស្នាយបុណ្យផង និងព្រះគ្រូចៅអធិការផង ដោយក្នុងនោះ ព្រះគ្រូចៅអធិការក៏បានទៅលេងលោក មុនទៅរមណីយដ្ឋានភូមិសុខារាវី ហើយក៏បានជួបប្រាស្រ័យទាក់ទងគ្នា តាំងពីពេលនោះមក។
ដោយឡែកឪពុកម្តាយរបស់លោក នឹងញាតិពុទ្ធបរិស័ទមួយចំនួនបានប្រមែរប្រមូល ថវិការាល់ខែ ដើម្បីឧបត្ថម្ភកម្មវិធីពុទ្ធិកបឋមសិក្សានៅវត្តជំនួន៤ គឺវត្តស្នាយបុណ្យ វត្តស្វាយជ្រំ វត្តព្រៃវាល វត្តព្រះវិហារធំដែលជាវត្តមួយល្បីក្នុងសាច់រឿងនេនទុំ ទុំទាវ។
ជាមួយគ្នានេះ លោកបានជួបព្រះគ្រូចៅអធិការវត្តស្នាយបុណ្យនេះ ក្នុងរង្វង់ឆ្នាំ ២០២០ ដោយកំពុងតែសាងសង់រមណីយដ្ឋានភូមិសុខារាវី ស្ថិតនៅក្នុងស្រុកកំពង់ត្របែក។ ហើយកាលពី២ខែមុននេះ សម្ដេចពិន សែម ក៏បាននិមន្តផ្ដល់ឱវាទធម្មទាននៅរមណីយដ្ឋានភូមិសុខារាវីផងដែរ។
ក្រោយពីបានស្គាល់ព្រះគ្រូចៅអធិការវត្តស្នាយបុណ្យមក លោកបានមកដល់ទីអារាមវត្តនេះ ដោយមានទឹកចិត្តសទ្ធាជ្រះថ្លា ក៏បាន ប្រមែរប្រមូល ញាតិមិត្តបងប្អូន ជួយបច្ច័យកសាងជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។ ចំពោះលោកឪពុកនិងអ្នកម្តាយរបស់លោកវិញ លោកទាំងពីរចូលចិត្ត ធ្វើបុណ្យធ្វើទានដូចជាបានកសាងសាលាបាលី សាលាឆាន់ និងកន្លែងបូជាសពជាដើម ក្នុងនោះលោកទាំងពីរមានទឹកចិត្តជំរុញឲ្យលោកបន្តជួយកសាងសាលាបាលីដើម្បីឲ្យសាមណៈសិស្សបានរៀនសូត្រជ្រៅជ្រះទៀតផង។
ជាមួយគ្នានេះ លោកមហាឧបាសក ក៏បានរំលឹកអំពីប្រវត្តិរបស់របស់លោកឪពុក អតីតជាគ្រូពេទ្យមួយរូប ដែលមានគុណធម៌ សុជីវធម៌ សីលធម៌ល្អ ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយលោកទាំងពីរបានហែលឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត ដែលសម័យនោះ ក៏ត្រូវពួកប៉ុលពតចាប់ដាក់គុកផងដែរ ហើយត្រូវបានរួចរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។
មហាឧបាសក អៀង សុធារ៉ា បានលើកឡើងប្រវត្តិខ្លះៗជាមួយនឹងសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដោយលោកបានជួបសម្ដេចជាលើកដំបូង នៅវត្តកំពង់ក្តីស្រុកជាក្រែង ខេត្តសៀមរាប ដោយបានឮពីភាពល្បីល្បាញរបស់សម្ដេចខ្លាំង ក៏ចេះចង់ជួបសម្តេចហើយក៏បានជួបដូចបំណងមែន។
ខណៈនោះ សម្តេចបានណែនាំឲ្យលោក ចូលរួមសកម្មភាពជាមួយព្រះពុទ្ធសាសនាឲ្យបានច្រើន តាំងពីពេលនោះ លោកតែងតែបបួលញាតិមិត្តបងប្អូន ដើម្បីជួបសម្ដេច ឲ្យតែឮថាសម្ដេចមកវត្តនោះ វត្តនេះ គឺតែងតែទៅជួបជានិច្ចនិងស្ដាប់ឱវាទជាធម្មទាននាទេសនាផងដែរ។ ពិសេសបានធ្វើពិធីមាឃបូជា យល់ដឹងអំពីមាឃបូជាវិសាខបូជា នៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ជាទីអារាមដែលសម្ដេចគង់។
មហាឧបាសកបានបន្តថា ចាប់តាំងពីជួបសម្តេច ពិន សែម នោះមក ក៏នៅតែល្បីអំពីកិត្តិនាមរបស់សម្ដេចតាមរយៈលោកបង ធម្មបណ្ឌិត ហេង មុន្នីចិន្តា គាត់ជាសិស្សរបស់សម្ដេចផ្ទាល់ គាត់ថា សម្ដេចពូកែណាស់ខាងធម៌អា មានសមត្ថភាពខ្ពស់ខាងសិល្បៈគ្រប់ទម្រង់និងជាពិសេសមានបច្ច័យបន្តិចបន្តួច ប្រមែរប្រមូលបាននូវវត្ថុបុរាណ ដើម្បីយកមកទុកនៅក្នុងវត្តនេះ ហើយឥឡូវនេះឮថា មានសារមន្ទីរតាំងវត្ថុបុរាណមួយទៀតផង។
បន្ថែមលើសពីនេះ លោកមហាឧបាសកបានរំលឹកពីសកម្មភាពដែលលោកនិងក្រុមការងារបានធ្វើកម្មវិធីជាច្រើន ឲ្យបានយល់ដឹង អំពីព្រះពុទ្ធសាសនា ដូចជាបង្រៀនអាជីវកម្មសម្មាមៈ បង្រៀនខាងពេទ្យដើម្បីឲ្យយល់អំពីទ្រឹស្ដី ព្រះពុទ្ធសាសនាក្នុងការដឹកនាំបានជាច្រើនលើកជាច្រើនសារ ហើយក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ៕























