តំណាងសមាគមបញ្ញវន្តបច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិសាំងពីទែរបួក
13-06-2026 16:57
(សាំងពីទែរបួក)៖ លោក ផន បូរី មន្ត្រីនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញ (Russian House) និងជាប្រធានសមាគមបញ្ញវន្តបច្ចេកវិទ្យា និងថាមពលបរមាណូកម្ពុជា (CAM-ATOM) បានអញ្ជើញចូលរួមក្នុង វេទិកាសេដ្ឋកិច្ចអន្តរជាតិសាំងពីទែរបួក (SPIEF-2026)។
នៅក្នុងឱកាសនោះ លោកបានចូលរួមការងារយ៉ាងជិតស្និទ្ធជាមួយ លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងមន្ត្រីស្ថានទូតកម្ពុជាផ្សេងទៀត។
នៅក្នុងកម្មវិធីធុរកិច្ចនៃវេទិកានេះ គណៈប្រតិភូកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ ការអភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌។
នៅក្នុងកិច្ចសន្ទនាធុរកិច្ច «EAEU - ASEAN» និន្នាការសកលនៃការប្រើប្រាស់ថាមពលអាតូមិកដើម្បីសន្តិភាព ត្រូវបានលើកយកមកពិភាក្សាយ៉ាងស៉ីជម្រៅ រួមមាន៖
*ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងសក្តានុពលនៃភាពជាដៃគូបច្ចេកវិទ្យារវាងបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី (EAEU) និងអាស៊ាន (ASEAN)។
*ការទទួលស្គាល់ ថាមពលនុយក្លេអ៊ែរជាកម្លាំងចលករដ៏សំខាន់សម្រាប់ពេលអនាគត។ ជាក់ស្តែង ព្រឹត្តិការណ៍ដ៏លេចធ្លោមួយគឺការចុះហត្ថលេខាលើពិធីសារ ស្តីពីការចាប់ផ្តើមការងារសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរខ្នាតតូច (SMR) នៅក្នុងប្រទេស អ៊ុយប៊េគីស្ថាន (Uzbekistan)។
មហាសេដ្ឋី និងវិនិយោគិនអន្តរជាតិធំៗក៏បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះវិស័យនេះផងដែរ។ លោក Tony Fernandes ស្ថាបនិកក្រុមហ៊ុន Capital A (ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia) បានថ្លែងដោយផ្ទាល់នៅក្នុងវេទិកាថា៖ «អនាគតនៃវិស័យថាមពល គឺស្ថិតនៅលើរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ»។
គំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍ទាំងអស់នេះ បានសបញ្ជាក់ឱ្យឃើញថា កម្ពុជា និងសមាគម CAM-ATOM ដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដទៃទៀតដែលទាក់ទងនឹងនុយក្លេអ៊ែរ និងវិទ្យុសកម្ម (ទាំងក្នុងវិស័យថាមពល និងវិស័យមិនមែនថាមពល ដូចជាវិស័យសុខាភិបាល និងកសិកម្មជាដើម)។
នៅក្នុងបទបង្ហាញក្រោមប្រធានបទ «ភាសារុស្ស៉ីជាទ្រព្យសម្បត្តិ និងជាទ្រព្យសកម្មយុទ្ធសាស្ត្រ» អង្គវេទិកាបានសង្កត់ធ្ងន់លើតួនាទីរបស់ភាសារុស្ស៉ី រួមមាន៖
*ជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រ និងការអប់រំ។
*ជា «ស្ពានចម្លងដ៏សំខាន់បំផុត» ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វិស្វករជំនាញ និងអ្នកឯកទេសលើវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ និងបច្ចេកវិទ្យានុយក្លេអ៊ែរ ដែលជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់ភាពជាដៃគូរយៈពេលវែង។
ការចូលរួមរួមគ្នារវាងតំណាងសមាគម CAM-ATOM, មជ្ឈមណ្ឌលវប្បធម៌រុស្ស៉ី (Russian House) និងមន្ត្រីទូតកម្ពុជា នៅក្នុងវេទិកា SPIEF-2026 នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់តំបន់ ក្នុងការធ្វើសមាហរណកម្មទៅក្នុងរបៀបវារៈបច្ចេកវិទ្យាសកល និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តគម្រោងវិទ្យាសាស្ត្រខ្នាតធំនានានៅពេលអនាគត៕














