អគ្គិសនីកម្ពុជា នាំយកថវិកា ១៨០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

13-06-2026 17:58

(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា និងមន្ដ្រីក្រុមការងារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកថវិកា ១៨០លានរៀល មកបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ពិធីជំនួបសម្ដែងការគួរសម និងប្រគល់ថវិកានេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកាកបាទក្រហមកម្ពុជា។

នាឱកាសលោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដជ្រះថ្លា ក្នុងការចូលរួមបរិច្ចាគថវិកា ជូនមកកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត។

លោកស្រីបានថ្លែងបន្ដថា «ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្តាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថា ពួកគាត់ មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ។ សប្បុរសជនគឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយ ដែលទៅដល់ដៃអ្នករងគ្រោះ»។

ព្រមជាមួយគ្នា លោក ប្រាំង ជលសា ក៏បានថ្លែងផងដែរថា លោក និងក្រុមការងារនៃអគ្គិសនីកម្ពុជា ពិតសប្បាយរីករាយណាស់ ដែលមានឱកាសចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅកម្ពុជា។ លោកបានប្ដេជ្ញាថា នឹងបន្ដចូលរួមបេសកកម្មមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ដែលបានទៅជួយដល់ប្រជាជនងាយរងគ្រោះទាំងអស់ ដែលត្រូវការជំនួយពិតប្រាកដ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ឧសភា កាកបាទក្រហមកម្ពុជាសូមអំពាវនាវចំពោះ ដល់សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា៕