ឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ដល់សិស្សានុសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេត ជាង៣៦០នាក់ (Video inside)
13-06-2026 18:49
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា របស់សិស្សានុសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេត ប្រមាណជាង៣៦០នាក់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើវិស័យឯកជន ដែលជាចលករដ៏សំខាន់មួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ។
សាលាអាមេរិកាំងហ្គោលឌិនហ្កេត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា សម្រាប់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី១២ និងប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សិស្សានុសិស្សបានបញ្ចប់ការសិក្សា មានចំនួន៣៦៤នាក់ ក្នុងនោះកម្រិតមត្តេយ្យសិក្សា កម្មវិធីចំណេះទូទៅអាមេរិកាំង និងកម្មវិធី IB ចំនួន ៤៧នាក់, កម្រិតបឋមសិក្សា ភាសាខ្មែរ កម្មវីធីចំណេះទូទៅអាមេរិកាំង កម្មវិធី IB PYP និងកម្មវិធី ចំណេះទូទៅភាសាចិន ចំនួន១០៤ នាក់។ កម្រិតមធ្យមសិក្សាបឋមភូមិ ភាសាខ្មែរ កម្មវិធីចំណេះទូទៅអាមេរិកាំង កម្មវិធី IB MYP ចំនួន ១០១នាក់ និងកម្រិតមធ្យមសិក្សាទុតិយភូមិភាសាខ្មែរ កម្មវិធីចំណេះទូទៅអាមេរិកាំង កម្មវិធី IB DP ចំនួន១១២នាក់។
ថ្លែងក្នុងឱកាសនេះ លោកស្រីឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា សាលាអាមេរិកាំងហ្គោលឌិនហ្កេត មានប្រសាសន៍ថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានរួមចំណែក ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា សំដៅពង្រឹងបន្ថែម លើចំណេះដឹងទូទៅជាមូលដ្ឋាន ជំនាញភាសាបរទេស បច្ចេកវិទ្យា សុជីវធម៌ក្នុងការរស់នៅ គុណធម៌ កតញ្ញូតាធម៌ និងបណ្តុះ គំនិត សិស្សានុសិស្ស ឱ្យមានចំណេះដឹង មានការគិតពិចារណា មានគំនិតឆ្នៃច្នៃប្រឌិត មានទំនាក់ទំនងល្អ មានភាពជាអ្នកដឹកនាំ មានការស្វែងយល់អ្វីដែលថ្មី ការបើកចិត្ត គំនិត មានតុល្យភាព ចេះចូលរួមចែករំលែក ដែលនាំឱ្យកុលបុត្រកុលធីតាយើង ក្លាយជា ពលរដ្ឋប្រកបដោយគតិបណ្ឌិតទៅថ្ងៃអនាគត ដែលមិនអាចខ្វះបាន។
លោកស្រីបន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ការផ្តល់ទំនុកចិត្តពីសំណាក់មាតាបិតា អ្នកអាណា ព្យាបាល សិស្សានុសិស្សទាំងអស់ ក៏ដូចជាបន្ត រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានខិតខំប្រឹងប្រែង រហូតក្លាយ ជាសមាជិកពេញសិទ្ធ នៃស្ថាប័នអប់រំសំខាន់ៗ ជាច្រើនដូចជា ស្ថាប័នអប់រំអន្តរជាតិ IB ក្រុម ប្រឹក្សាសាលាអន្តរជាតិ (CIS) ស្ថាប័ន ACT និង ជាសមាជិករបស់ College Board USA ក្នុងនោះមាន ស្ថាប័នអប់រំអន្តរជាតិសំខាន់ៗ ដូចជា ស្ថាប័ន AP និង ស្ថាប័ន SAT ផងដែរ ដែលជាមាគ៌ាដឹកនាំសិស្សានុសិស្សកម្ពុជា ឈានឆ្ពោះទៅ ក្នុងកម្មវិធីសិក្សា និងការប្រកួតប្រជែងកម្រិតអន្តរជាតិ។
ជាមួយគ្នានេះដែរ សិស្សានុសិស្សរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក៏បានបន្តការសិក្សានៅតាមបណ្តាប្រទេសនានា ដូចជា៖ ប្រទេសអូស្ត្រាលី៣៤% កម្ពុជា២៦% ចិន ១៣% សហរដ្ឋអាមេរិក៨% ចក្រភពអង់គ្លេស ៦% ជប៉ុន ៣% កូរ៉េ ២% កាណាដា ២% នូវែលសេឡង់ ២% ម៉ាឡេស៊ី ២% និងសិង្ហបុរី ២%។
លោកស្រី មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត នឹងទទួលបាននូវការអប់រំ ដ៏ល្អបំផុត ដែលអាចជួយឲ្យពួកគាត់ កាន់តែជោគជ័យ ក្នុងការសិក្សាកម្រិតឧត្តម ទាំងក្នុង និង ក្រៅប្រទេស។
ថ្លែងក្នុងឱកាសប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សាដល់សិស្សានុសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេតពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលបានចូលរួមចំណែកក្នុងការបណ្តុះមូលធនមនុស្សនៅកម្ពុជា ដោយបានអនុវត្តកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ ដូចជាកម្មវិធីសិក្សា IB ដែលជាកម្មវិធីសិក្សាលំដាប់ពិភពលោក ដែលធ្វើឱ្យសិស្សមានសមត្ថភាពកាន់តែខ្ពស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលំដាប់អន្តរជាតិ និងស្របតាមតម្រូវការរបស់កម្ពុជា។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី៦ អាមេរិកាំង និងថ្នាក់ទី៥ IB របស់សិស្សានុសិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានវិវត្តខ្លួនយ៉ាងលឿនពីសាលាអនុវត្តកម្មវិធីសិក្សាថ្នាក់ជាតិ ទៅជាសាលាដែលផ្តល់ការអប់រំកម្រិតពិភពលោក។
លោកស្រីបន្តថា ការអនុវត្តនូវកម្មវិធីសិក្សាអន្តរជាតិនានា របស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានឆ្លើយតបទៅនឹងកំណែទម្រង់វិស័យអប់រំ និងគោលដៅនៃការអប់រំដែលកសាងនូវមូលធនមនុស្ស ប្រកបដោយគុណសម្បទា៤យ៉ាង រួមមានទី១.ចំណេះដឹង ឬវិជ្ជាសម្បទា ទី២. បំនិនសម្បទា ទី៣. ការបណ្តុះនូវគុណចរិយា និងគុណធម៌ និងទី៤. ការលើកកម្ពស់សុខភាព។
សូមជម្រាបថា សាលាអាមេរិកាំងហ្គោលឌិនហ្គេត បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួន ជា សាលាចំណេះទូទៅនៅឆ្នាំ ២០០៩ ដែលមានកម្មវិធីសិក្សាថ្នាក់ចំណេះទូទៅភាសាខ្មែរ ស្របតាម កម្មវិធីសិក្សារបស់ក្រសួងអប់រំ កម្មវិធីចំណេះទូទៅភាសាអង់គ្លេស ស្របតាមកម្មវិធីសិក្សា IB និង AP និងកម្មវិធីចំណេះទូទៅភាសាចិន៕



















