លោកបណ្ឌិត អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន PETRONAS ដើម្បីប្រាប់ពីឱកាសវិនិយោគវិស័យប្រេងឥន្ធនៈនៅកម្ពុជា

13-06-2026 19:13

(គូឡាឡាំពួរ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក Khairuddin M Jaafar អ្នកគ្រប់គ្រងទូទៅជាន់ខ្ពស់នៃក្រុមហ៊ុន PETRONAS នៅអគារ PETRONAS Twin Towers ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃទីផ្សារប្រេងឥន្ធនៈ និងឧស្ម័ន នៅកម្ពុជា ដែលកំពុងមានការកើនឡើងយ៉ាងឈប់ឈរ យ៉ាងឆាប់រហ័សស្របតាមកំណើនសេដ្ឋកិច្ចដូចជាកំណើននូវឧស្សាហកម្ម យានយន្តដឹកជញ្ជូន យានយន្តប្រើប្រាស់នានា ដែលកម្ពុជានាំចូលនូវប្រេងឥន្ធនៈគ្រប់ប្រភេទ និងឧស្ម័ន១០០ភាគរយ។ដោយហេតុថា កម្ពុជាពុំទាន់មានឧស្សាហកម្មចម្រាញ់ប្រេងនៅឡើយ។ លោកបានអញ្ជើញក្រុមហ៊ុន PETRONAS ឱ្យមកពិនិត្យលទ្ធភាពឱកាសវិនិយោគសារជាថ្មី ដោយកន្លងទៅ PETRONAS ក៏ធ្លាប់មានវត្តមានក្នុងទីផ្សារកម្ពុជាផងដែរ ។

លោក Khairuddin M Jaafar បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះព័ត៌មានផ្សេងៗ នៃឱកាសវិនិយោគនេះ ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការពិនិត្យ វាយតម្លៃ ស្របនឹងបរិយាកាសបច្ចុប្បន្ន ទោះបីជាបច្ចុប្បន្នម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់ កំពុងប្រឈមនឹងបញ្ហាវិបត្តិប្រេងឥន្ធនៈដោយសារវិបត្តិនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ។

សូមជម្រាបថា PETRONAS គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧៤ ដោយ ត្រូវបានផ្តល់សិទ្ធិផ្តាច់មុខពីរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានប្រេងកាត និងឧស្ម័នទាំងអស់នៅក្នុងប្រទេស។ PETRONAS បានវិវត្តខ្លួនយ៉ាងលឿនទៅជាក្រុមហ៊ុនថាមពលលំដាប់ថ្នាក់ពិភពលោក និងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាង ១០០ ប្រទេស នៅទូទាំងសកលលោក។

បច្ចុប្បន្ន PETRONAS ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនធំជាងគេបំផុតមួយនៅក្នុងបញ្ជី Fortune Global 500។ អាគារ Twin Towers មួយគូរកំពស់៨៨ ជាន់នេះ បានធ្វើការសាងសង់ឡើងក្នុងសម័យកាល នាយករដ្ឋមន្ត្រី មូហាធៀ ម៉ូហាំម៉ាត់ ដែលបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅលើដីដែលជាទីលាន ប្រណាំងសេះ៕