មេដឹកនាំសាសនា១៥០០នាក់ មកពី៣១ប្រទេស ជួបជុំគ្នានៅទីក្រុងគូឡាឡាំពួរ ដើម្បីពិភាក្សាអំពីសន្តិភាពសកល
13-06-2026 19:17
(គួឡាឡាំពួរ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិលើកទី៣ របស់មេដឹកនាំសាសនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «មេដឹកនាំសាសនា និងការលើកកម្ពស់អំណាចយុវជន» នៅទីក្រុងកូឡាឡាំពួរ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះចៅ Nazrin Muizzuddin Shah Ibni Almarhum Sultan Azlan Muhibbuddin Shah Al-Maghfur-Lah ស៊ុលតង់ នៃរដ្ឋប៉េរ៉ាក់ អមដំណេីរដោយលោក YAB Dato'Sri Anwar Bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Shiekh Dr. Mohammed Bin Abdulkarim Al Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម(MWL)។
កិច្ចប្រជុំកំពូលនេះ រៀបចំឡើងដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (Jakim) ប្រមូលផ្តុំដោយមេដឹកនាំសាសនា អ្នកប្រាជ្ញ អ្នកសិក្សា និងអ្នកធ្វើគោលនយោបាយប្រមាណ ១៥០០នាក់ មកពី ៣១ប្រទេស។
វាគ្មិន និងអ្នកចូលរួមអន្តរជាតិសរុបចំនួន ១៨រូប ដោយបានពិភាក្សាអំពីប្រធានបទសំខាន់ៗចំនួនបួន គឺភាពសុខដុមរមនាក្នុងសង្គម និងការគោរពគ្នាទៅវិញទៅមក ការផ្តល់អំណាចដល់យុវជនតាមរយៈការអប់រំ និងភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហាប្រឈមសហសម័យដែលយុវជនជួបប្រទះ និងតួនាទីរបស់មេដឹកនាំសាសនាក្នុងការអភិវឌ្ឍយុវជន។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ក៏បានរៀបចំកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នៅប្រទេសកម្ពុជាផងដែរ ដើម្បីបង្ហាញកម្ពុជាពិតជាប្រទេសគំរូមួយក្នុងការផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ដល់ប្រជាជនរបស់ខ្លួនដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍៕




