នាយកមនី្ទរពេទ្យព្រះអង្គឌួង បន្ដដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺភ្នែកផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជនរស់នៅក្នុងខេត្តកណ្តាល

13-06-2026 20:46

(កណ្ដាល)៖ លោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរកាជន្លឹង បន្តចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរកាជន្លឹង នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតក្នុងបរិវេណវត្តជន្លឹង។

លោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរកាជន្លឹង ដែលបានសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងារគ្រូពេទ្យ ក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

មូលនិធិ Fred Hollows Foundation Cambodia បានជួយដល់មនី្ទរពេទ្យព្រះអង្គឌួង នូវឧបករណ៍សម្ភារបរិក្ខារ ធ្វើកម្មសិក្សាដល់និសិ្សតពេទ្យ ព្រមទាំងបុគ្គលិកមនី្ទរពេទ្យព្រះអង្គឌួងជាច្រើន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការវះកាត់
ក្រុមគ្រូពេទ្យផ្នែកចក្ខុរោគ និងបញ្ជូនទៅធ្វើការវះកាត់នៅមនី្ទរពេទ្យព្រះអង្គឌួងភ្លាមៗដោយឥតគិតថ្លៃ។

លោកសាស្រ្តាចារ្យរង លូ លីឃាង សង្ឃឹមថាសកម្មភាពសប្បុរសធម៌នេះ ប្រជាពលរដ្ឋមកទទួលសេវាថែទាំភ្នែកកាន់តែច្រើន និងកាន់តែស្គាល់មនី្ទរពេទ្យព្រះអង្គឌួង និងសូមជូនពរប្រជាពលរដ្ឋ ឲ្យភ្នែកមើលឃើញកាន់តែល្អប្រសើរ។ ព្រោះថាការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ការមានភ្នែកដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។

ចំណែកប្រជាពលរដ្ឋរស់នៅឃុំរកាជន្លឹង ដែលមកទទួលការបម្រើសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យព្រះអង្គឌួង ដែលបានចុះមកដល់ភូមិ ឃុំ ស្រុកផ្ទាល់ ចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ។
ឆ្លៀតក្នុងឱកាសនោះ តាងនាមឲ្យក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរកាជន្លឹង លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរកាជន្លឹង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង ជាមួយនិងសហការី ដែលបានចុះមកជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទទួលបានការពិនិត្យព្យាបាលសុខភាពភ្នែក ជាពិសេសក្នុងករណីធ្ងន់ៗ និងជួយប្រតិបតិ្តការវះកាត់ជូនដោយឥតគិតថ្លៃ។ ជាមួយគ្នានោះដែរលោក អ៊ឹម សិទ្ធីរ៉ា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំឲ្យប្រទេសជាតិរបស់យើង ចេញពីសង្រ្គាមផេះផង់ ដែលយើងបានឆ្លងកាត់ការលំបាក នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។ ហើយបន្តពីសម្តេចតេជោ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃកម្ពុជា បានដឹកនាំនាវាកម្ពុជា ទៅរកភាពរុងរឿង៕