កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល និងបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង២០០នាក់

13-06-2026 21:18

(បន្ទាយមានជ័យ)៖ កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះរដ្ឋបាល និងបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង២០០នាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណ:បញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួនអគារចំនួន៣ និងបានចូលរួមសហការជាមួយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យទីតាំងអគារចំនួន៣ សរុបចំនួន៦ទីតាំង រកឃើញជនបរទេសចំនួន១៨៦នាក់ ស្រី៤២នាក់ (ឥណ្ឌូនេស៊ី១៤៥នាក់ ស្រី២៦នាក់, ថៃ៤១នាក់ ស្រី១៦នាក់)។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៧៩នាក់ ស្រី២១នាក់ ២សញ្ជាតិ ឥណ្ឌូនេស៊ី ៥១នាក់ ស្រី៨នាក់ និងថៃ២៨នាក់ ស្រី១៣នាក់។

ទីតាំងទាំង៣ពុំមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសអនឡាញស្កេម តែបានអប់រំ និងធ្វើកិច្ចសន្យា។

ទីតាំងទី១ ដែលមានម្ចាស់ឈ្មោះ ទ្រី វ៉េងអាន នៅអគារកម្ពស់៣ជាន់ ១៧បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៣៧នាក់ ស្រី៧នាក់ ធ្លាប់បម្រើការងារនៅស្ដាហ្គោល បច្ចុប្បន្នត្រៀមចាកចេញទៅប្រទេសឥណ្ឌូនេស៊ីវិញ។

ទីតាំងទី២ ដែលមានម្ចាស់ឈ្មោះ ភ័ក្រ្ដ ដាវីត នៅអគារកម្ពស់៤ជាន់ ២៤បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិថៃស្នាក់នៅចំនួន២៨នាក់ស្រី១៣នាក់ បម្រើការងារនៅកាស៊ីណូ ហូលីដេ។

ទីតាំងទី៣ ដែលមានម្ចាស់ឈ្មោះ ទុយ ថុល)អគារកម្ពស់៣ជាន់ ១៩បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន១៤នាក់ ស្រី១នាក់ បម្រើការងារនៅហាងបាយនៅស្ដារហ្គោល។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមសហការជាកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះត្រួតពិនិត្យទីតាំងចំនួន៣ ដូចខាងក្រោម៖

ទីតាំងទី១៖ អគារកម្ពស់៧ជាន់ ៣០បន្ទប់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត រកឃើញជនជាតិ ឥណ្ឌូនេស៊ី២០នាក់ស្រី២នាក់ រកពុំឃើញមានសម្ភារៈសង្ស័យនោះទេ។

ទីតាំងទី២៖ អគារកម្ពស់៥ជាន់ ២៤បន្ទប់ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញ ជនជាតិឥណ្ឌូនេស៊ី៧៤នាក់ ស្រី១៦នាក់ រកឃើញសម្ភារសង្ស័យមួយចំនួន។

ជនជាតិឥណ្ឌូនេស៊ីទាំងអស់បានបញ្ជូនទៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បន្តនីតិវិធី(បិទសៀល)។

ទីតាំងទី៣៖ អគារកម្ពស់៧ជាន់ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញមានជនជាតិថៃ ១៣នាក់ ស្រី៣នាក់ មានឯកសារត្រឹមត្រូវ និងរកពុំឃើញសម្ភារៈសង្ស័យនោះទេ(អប់រំ)។

ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្ត អាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យអគារចំនួន៤ទីតាំង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងនោះបិទសៀល១ទីតាំង និងធ្វើរដ្ឋបាល៣ទីតាំង រកឃើញជនបរទេសសរុបចំនួន៤៨នាក់ ស្រី៨នាក់ ៥សញ្ជាតិ ចិន៣៤នាក់ប្រុស, ថៃ១១នាក់ ស្រី៧នាក់, ឥណ្ឌា១នាក់ស្រី, វៀតណាម១នាក់ប្រុស និងមីយ៉ាន់ម៉ា១នាក់ប្រុស។

បិទសៀល១ទីតាំង (ម្ចាស់ តុក សម្បត្តិ) ផ្ទះល្វែងកម្ពស់២ជាន់ ៨បន្ទប់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត រកឃើញជនបរទេសចំនួន១៨នាក់ប្រុស ២សញ្ជាតិ ចិន១៧នាក់ និងមីយ៉ាន់ម៉ា១នាក់។

ជនជាតិចិន១៤នាក់ ត្រូវបញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត និង៤នាក់(ចិន៣ មីយ៉ាន់ម៉ា១នាក់) ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្ដនីតិវិធី និងបន្ដស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះក្រុមការងារ បានចុះធ្វើរដ្ឋបាលនៅ៣ទីតាំង រួមមាន៖

ទីតាំងទី១ (ម្ចាស់ឈ្មោះ លី នីរ៉ូត) អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត រកឃើញជនបរទេសចំនួន១៨នាក់ស្រី១នាក់ ២សញ្ជាតិ ចិន១៧នាក់ប្រុស និងឥណ្ឌា១នាក់ស្រី ពុំមានសម្ភារសង្ស័យ តែបានអប់រំធ្វើកិច្ចសន្យា។

ទីតាំងទី២ (ម្ចាស់ឈ្មោះ ហេង រិទ្ធី) មន្ទីរសម្រាកព្យាបាលអគារថ្មី កម្ពស់២ជាន់ ៣៤បន្ទប់ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉េត ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ តែបានអប់រំធ្វើកិច្ចសន្យា។

ទីតាំងទី៣(ម្ចាស់ឈ្មោះ ឡេង ប៊ុនយ៉ុង) អគារកម្ពស់៦ជាន់ ៥៥បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន១២នាក់ ស្រី៧នាក់ ២សញ្ជាតិ ថៃ១១នាក់ស្រី៧នាក់ និងវៀតណាម១នាក់ប្រុស ពុំមានសម្ភារសង្ស័យ តែបានអបរំធ្វើកិច្ចសន្យា។