World Cup 2026៖ ស្វីស មិនអាចធ្វើអ្វីកាតាបាន ក្រៅពីបញ្ចប់លទ្ធផលស្មើ ១-១ សន្សំពិន្ទុប្រចាំពូល B
14-06-2026 07:12
(បរទេស)៖ ក្រុមខ្លាំងនៅអឺរ៉ុប ស្វីស បានភ្លាត់ស្នៀតឱ្យក្រុមកាតា ចេញពីអាស៊ី (AFC) វាយបកតាមបានស្មើ ១-១ វិញ នៅនាទីចុងម៉ោង ៩០+៤ បិទបញ្ចប់ជុំទី១ ប្រចាំពូល B នៅព្រឹត្តិការណ៍ World Cup 2026។
នេះមានន័យថា ២ប្រកួតប្រចាំពូល B ពុំមានក្រុមណាមួយរកបាន ៣ពិន្ទុឡើយ ពោលគឺម្ចាស់ផ្ទះកាណាដា លេងស្មើ ១-១ ទល់នឹងបូស្នី មុនពេលកាតាស្មើ ១-១ ទល់នឹងស្វីសទៀត និងរកបាន ១ពិន្ទុដូចៗគ្នាផងដែរ។
ក្នុងរយៈពេល ៩០នាទីពេញនៃការប្រកួតទី៥ ក្នុងចំណោម ១០៤ប្រកួតសរុបនៅ World Cup លើកទី២៣ ដែលរៀបចំនៅកីឡដ្ឋាន San Francisco Bay Area ដោយមានអ្នកទស្សនាផ្ទាល់ជិត ៧ម៉ឺននាក់ កីឡាករ Embolo ជាអ្នករកបានគ្រាប់នាំមុខសម្រាប់ស្វីស មុនពេល Boualem Khoukhi រកបានគ្រាប់តាមស្មើឱ្យអតីតម្ចាស់ផ្ទះ World Cup 2022 គឺកាតានៅនាទី៩០+៤។
ទោះជាយ៉ាងណា វាជាការធ្វើបានល្អផងដែរ ដ្បិតកាតាបានលេងចាញ់ទាំង ៣ប្រកួតកាលខ្លួនធ្វើម្ចាស់ផ្ទះ World Cup កាលពី ៤ឆ្នាំមុន ពោលគឺ ៣ប្រកួតប្រចាំពូល A ចាញ់ទាំងអស់។ ប្រកួតបន្ទាប់ កាតានឹងត្រូវប្រឈមមុខនឹងម្ចាស់ផ្ទះកាណាដា ក្រោយពេលស្វីស ជួបក្រុមនៅអឺរ៉ុបដូចគ្នា បូស្នី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦៕





