មន្ត្រីបរិស្ថានរកឃើញក្រុមហ៊ុន វែងសេង ហ្រ្គីន ល្មើសច្បាប់បរិស្ថាន ដោយដឹកជញ្ជូនសំរាម សំណល់គ្រាប់ និងសំបកស្វាយ ទៅចាក់ចោលពាសវាពាសកាល ប៉ះពាល់ដីស្រែប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ

14-06-2026 07:44

(កំពង់ស្ពឺ)៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក កុយ សូនីន អនុប្រធានមន្ទីរ សហការជាមួយអាជ្ញាធរភូមិស្នួលជ្រុំ និងភូមិបឹងងោង សមាជិកក្រុមប្រឹក្សាឃុំទឹកល្អក់ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងបានរកឃើញទីតាំងទីលានចាក់សំរាមមួយកន្លែង ក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនវែងសេងហ្រ្គីន បានដឹកសំរាម និងសំណល់ស្វាយ (សំបក និងគ្រាប់) មកចាក់ចោលពាសវាលពាសកាលលើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ព្រមទាំងមានក្លិនអាក្រក់ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ទង្វើនេះល្មើសទៅនឹងមាត្រា ១៥៦ មាត្រា ១៥៩ និងមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធធានធម្មជាតិនេះតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់នេះជាបន្ទាន់។

មន្រ្តីជំនាញបានចាត់វិធានការឱ្យក្រប់ហ៊ុនឱ្យបញ្ឈប់យកសំណល់ស្វាយ (សំបក គ្រាប់ និងទឹក) ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាណាក៏ដោយ។

ផ្តល់សំណងការខូចខាត ត្រូវស្តារការខូចខាតបរិស្ថានឡើយវិញ ដោយក្រុមហ៊ុន ត្រូវប្រមូលសំណល់ស្វាយ (សំបក និងគ្រាប់) ដែលបានចាក់លើដីប្រជាពលរដ្ឋ និងដីសាធារណៈ យកទៅដាក់នៅទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដីចាប់ពីពេលនេះ មានរយៈពេលមួយសប្តាហ៍។

ករណីក្រុមហ៊ុនមិនបានអនុវត្តតាម ក្រសួងបរិស្ថាននឹងសម្រេចផ្អាកចេញលិខិតសម្រាប់អាជីវកម្ម៕