កម្លាំងគណៈអភិបាលរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងសង្ស័យបទល្មើស Online Scam ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅ៤១៥នាក់ តែមិនពាក់ព័ន្ធបទល្មើសឡើយ
14-06-2026 10:13
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅ សរុបចំនួន៤១៥នាក់ (ស្រី ១២៤នាក់) ដោយមិនបានរកឃើញបទល្មើសអ្វីឡើយ។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។
លោកស្រីបានបន្តថា ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ១ទីតាំង មនុស្សចំនួន១នាក់ គិតជាថវិកាសរុបបានចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់)។
លោកស្រី ដោ សម្ផស្ស បន្តទៀតថា៖ លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់ នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕




























