សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានរដ្ឋសភាឡាវ អបអរសាទរចំពោះខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ
14-06-2026 10:53
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូន លោក Xaysomphone PHOMVIHANE ប្រធានរដ្ឋសភាឡាវ ដោយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរសព្ទសាធុការជូនលោកអគ្គលេខាធិការ, គណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ។
តាមរយៈសារលិខិត សម្ដេចតេជោ បានលើកឡើងដូច្នេះថា៖
«ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមជូនសព្ទសាធុកាពរចំពោះឯកឧត្តម រដ្ឋសភា និង ប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៧០ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ ។
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្នុងរយៈពេល៧០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរបស់ យើង ត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពយូរអង្វែង ភាពជាបងប្អូនល្អ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលចងភ្ជាប់ជាមួយនឹងចំណងវប្បធម៌ និង ប្រពៃណី។ ខ្ញុំមានជំនឿយ៉ាងមុតមាំលើការប្តេជ្ញាចិត្តដ៏រឹងមាំ និងច្បាស់លាស់របស់ថ្នាក់ដឹកនាំដែល ប្រកបដោយចក្ខុវិស័យ មន្ត្រីដែលមានការប្តេជ្ញាចិត្តខ្ពស់ និងប្រជាជនដែលឧស្សាហ៍ព្យាយាមនៃប្រទេស ទាំងពីរ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីជាផលប្រយោជន៍ ជាក់ស្តែងបន្ថែមសម្រាប់ប្រជាជាតិយើងទាំងពីរ។
ក្នុងបរិបទនៃបញ្ហាប្រឈមសកលនិងតំបន់ដែលកាន់តែស្មុគស្មាញ ពិតជាការចាំបាច់ណាស់ ដែលយើងត្រូវបន្តជំរុញបន្ថែមទៀតនូវបណ្តាញសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បី សម្រេចបាននូវសេចក្តីប្រាថ្នារួមសម្រាប់ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ានរបស់យើង និងពិភពលោក។ ក្នុងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ការចូលរួម កិច្ចសន្ទនា និងការទូតរវាងស្ថាប័ន សភារបស់យើង និងក្នុងវេទិកាពហុភាគី។
ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះសរ និងសព្ទសាធុការពរពីខ្ញុំ សូម ឯកឧត្តម មានសុខភាពល្អបរិបូរ និងជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម របស់ឯកឧត្តម ដើម្បីសុភមង្គល និងវិបុលភាពកាន់តែប្រសើររបស់ប្រជាជននៃសាធារណរដ្ឋប្រជា-ធិបតេយ្យប្រជាមានិតឡាវ»៕







