វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព

14-06-2026 11:11

(ភ្នំពេញ)៖ វិស័យឧស្សាហកម្ម គឺជាក្បាលម៉ាស៊ីនមួយក្នុងចំណោមក្បាលម៉ាស៊ីនរុញច្រាននៃអរិយធម៌ទំនើប។ វិស័យនេះផលិតនូវសម្ភារសម្រាប់សាងសង់លំនៅឋានរបស់យើង ផលិតទំនិញផ្គត់ផ្គង់ទីផ្សារ បង្កើតបច្ចេកវិទ្យាដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតផលិតផលដែលជំរុញកំណើនសេដ្ឋកិច្ច។

រោងចក្រនានាបានបង្កើតឱកាសការងារ គាំទ្រដល់ការនាំចេញ បង្កើតប្រភពចំណូល និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ។
ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មក៏ជាអ្នករួមចំណែកដ៏ធំមួយដល់ការប្រែប្រួលអាកាសធាតុផងដែរ។

បើពិនិត្យជាសកល វិស័យឧស្សាហកម្មក្តោបក្តាប់ចំណែកយ៉ាងច្រើននៃការ (ការភាយ) ឧស្ម័នផ្ទះកញ្ចក់។ ដំណើរការផលិតកម្មក្នុងរោងចក្រ ការប្រើប្រាស់ថាមពល ការផលិតសារធាតុគីមី និងការទាញយកវត្ថុធាតុដើម សុទ្ធសឹងតែបញ្ចេញឧស្ម័នកាបូនិក និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតក្នុងបរិមាណដ៏ច្រើនលើសលប់ទៅក្នុងបរិយាកាស។

នៅពេលដែលបណ្តាប្រទេសនានាបន្តធ្វើឧស្សាហូបនីយកម្ម ហើយសេដ្ឋកិច្ចបន្តពង្រីកខ្លួន ការស្វែងរកវិធីសាស្ត្រដើម្បីកាត់បន្ថយការភាយឧស្ម័នពីវិស័យឧស្សាហកម្ម បានក្លាយជាប្រឈមដ៏សំខាន់បំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

សំណួរមិនមែនសួរថា តើបណ្តាប្រទេសនានាគួរធ្វើឧស្សាហូបនីយកម្មដែរឬទេនោះទេ។ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅតែជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ សំណួរពិតប្រាកដនោះគឺ តើត្រូវធ្វើឧស្សាហូបនីយកម្មដោយរបៀបណា ទើបមានចីរភាព?

សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម គឺសំដៅទៅលើ «ការផលិតឱ្យបានកាន់តែច្រើន ដោយបង្កការបំពុលឱ្យកាន់តែតិច»។
សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលមានប្រសិទ្ធភាពបំផុត គឺការលើកកម្ពស់ប្រសិទ្ធភាពថាមពល (Energy Efficiency)។ រោងចក្រជាច្រើនប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈក្នុងបរិមាណយ៉ាងច្រើន ដោយជារឿយៗប្រើប្រាស់ឧបករណ៍ហួសសម័យ និងវិធីសាស្ត្រផលិតកម្មដែលគ្មានប្រសិទ្ធភាព។

បច្ចេកវិទ្យាទំនើបៗអាចកាត់បន្ថយការប្រើប្រាស់ថាមពលបានយ៉ាងច្រើន ដោយរក្សាបាន ឬថែមទាំងអាចបង្កើនផលិតភាពបានទៀតផង។ គ្រឿងចក្រដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ដំណើរការផលិតកម្មដែលត្រូវបានធ្វើប្រសិទ្ធូបនីយកម្ម និងការគ្រប់គ្រងរោងចក្រឱ្យបានល្អប្រសើរ អាចកាត់បន្ថយទាំងថ្លៃដើមប្រតិបត្តិការ និងការភាយឧស្ម័នផ្ទះកញ្ចក់។

សកម្មភាពអាកាសធាតុដ៏សំខាន់មួយទៀត គឺការផ្លាស់ប្តូរទៅប្រើប្រាស់ប្រភពថាមពលដែលស្អាតជាងមុន។
មូលដ្ឋានឧស្សាហកម្មជាច្រើននៅតែពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល។

តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ថាមពលខ្យល់ និងជីវម៉ាស់ (Biomass) វិស័យឧស្សាហកម្មអាចកាត់បន្ថយដានកាបូន (Carbon Footprint) របស់ខ្លួនបានយ៉ាងច្រើន។ នៅជុំវិញពិភពលោក ក្រុមហ៊ុនកាន់តែច្រើនឡើងកំពុងវិនិយោគលើថាមពលស្អាត ដោយសារតែវាមានតម្លៃកាន់តែធូរថ្លៃ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ផ្នែកសេដ្ឋកិច្ច។

ការបង្កើតថ្មី (Innovation) ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ។
បច្ចេកវិទ្យាថ្មីៗកំពុងជួយដល់ឧស្សាហកម្មនានា ក្នុងការផលិតដែកថែប ស៊ីម៉ង់ត៍ សារធាតុគីមី វាយនភណ្ឌ និងផលិតផលផ្សេងៗទៀត ដោយបញ្ចេញឧស្ម័នក្នុងកម្រិតទាបជាងពេលណាៗទាំងអស់។ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) កំពុងបន្តបង្កើតឱកាសសម្រាប់ដំណើរការផលិតកម្មដែលស្អាតជាងមុន វត្ថុធាតុដើមជំនួស និងប្រព័ន្ធផលិតកម្មដែលមានចីរភាពជាងមុន។

គោលគំនិតនៃ «សេដ្ឋកិច្ចវិលជុំ» (Circular Economy) ផ្តល់នូវវិថីមួយផ្សេងទៀតឆ្ពោះទៅរកសកម្មភាពអាកាសធាតុ។
ជាប្រពៃណី វិស័យឧស្សាហកម្មបានដើរតាមគំរូខ្សែបន្ទាត់ត្រង់ (Linear Model) ពោលគឺទាញយក ផលិត ប្រើប្រាស់ និងបោះចោល។

វិធីសាស្ត្រនេះប្រើប្រាស់ធនធានធម្មជាតិអស់យ៉ាងច្រើន និងបង្កើតកាកសំណល់យ៉ាងសន្ធឹកសន្ធាប់។ រីឯសេដ្ឋកិច្ចវិលជុំវិញវិញ គឺជំរុញឱ្យវិស័យឧស្សាហកម្មកាត់បន្ថយកាកសំណល់ ប្រើប្រាស់សម្ភារឡើងវិញ កែច្នៃធនធាន និងរចនាផលិតផលឱ្យមានអាយុកាលប្រើប្រាស់បានយូរ។

តាមរយៈការរក្សាសម្ភារទាំងនោះឱ្យស្ថិតក្នុងវដ្តនៃការប្រើប្រាស់ឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន វិស័យឧស្សាហកម្មអាចកាត់បន្ថយការភាយឧស្ម័ន ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន។ ការគ្រប់គ្រងកាកសំណល់នៅក្នុងបរិវេណរោងចក្រ ក៏មានសារៈសំខាន់ដូចគ្នាដែរ។

កាកសំណល់ឧស្សាហកម្ម ទឹកកខ្វក់ដែលមិនបានឆ្លងកាត់ប្រព្រឹត្តិកម្ម (ការចម្រោះ) និងការបំពុលខ្យល់ អាចបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងរួមចំណែកដោយប្រយោលដល់ការប្រែប្រួលអាកាសធាតុ។ ការធ្វើប្រព្រឹត្តិកម្មកាកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងទឹកកខ្វក់ ប្រព័ន្ធត្រួតពិនិត្យការបំពុល និងការចាត់ចែងសារធាតុគីមីដោយការទទួលខុសត្រូវ នឹងជួយការពារទាំងបរិស្ថាន និងសុខភាពសាធារណៈ។

សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម មិនត្រឹមតែជាការទទួលខុសត្រូវចំពោះបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាផលប្រយោជន៍ និងឱកាសពាណិជ្ជកម្មកាន់តែខ្លាំងឡើងៗ។

អ្នកប្រើប្រាស់នៅជុំវិញពិភពលោកកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងលើចីរភាព។ ទីផ្សារអន្តរជាតិកំពុងទាមទារផលិតផលដែលបៃតងជាងមុន និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលស្អាតជាងមុន។ វិនិយោគិនក៏កំពុងបង្កើនការពិចារណាលើលទ្ធផលការងារផ្នែកបរិស្ថាន នៅពេលធ្វើការសម្រេចចិត្តវិនិយោគផងដែរ។

ក្រុមហ៊ុនដែលចាប់យកចីរភាពនៅថ្ងៃនេះ គឺកំពុងដាក់ទីតាំងខ្លួនឯងឱ្យមានសមត្ថភាពប្រកួតប្រជែងរយៈពេលវែង នៅក្នុងបរិបទសេដ្ឋកិច្ចសកលលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្មតំណាងឱ្យឱកាសដ៏វិសេសវិសាលមួយ។

ក្នុងពេលដែលកម្ពុជាកំពុងបន្តការអភិវឌ្ឍឧស្សាហកម្មរបស់ខ្លួន ប្រទេសនេះអាចចាប់យកបច្ចេកវិទ្យាទំនើប និងស្អាតជាងមុនតាំងពីដើមទីតែម្តង ជាជាងការដើរតាមគំរូផ្លូវអភិវឌ្ឍន៍ដែលមានការបំពុលខ្ពស់ ដូចដែលធ្លាប់បានកើតឡើងនៅកន្លែងផ្សេងទៀត។

ឧស្សាហូបនីយកម្មបៃតង អាចទាក់ទាញការវិនិយោគ បង្កើតការងារដែលមានគុណភាព លើកកម្ពស់លទ្ធផលការងារផ្នែកបរិស្ថាន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ចក្ខុវិស័យច្បាស់លាស់៖ វិស័យឧស្សាហកម្មដែលមានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានការទទួលខុសត្រូវចំពោះបរិស្ថាន។

រដ្ឋាភិបាលមានតួនាទីក្នុងការរៀបចំបទប្បញ្ញត្តិ និងការលើកទឹកចិត្តឱ្យបានច្បាស់លាស់។ អាជីវកម្មនានាត្រូវតែវិនិយោគលើបច្ចេកវិទ្យាដែលស្អាតជាងមុន និងផលិតកម្មដែលមានការទទួលខុសត្រូវ។ អ្នកប្រើប្រាស់អាចគាំទ្រផលិតផលដែលគិតគូរពីបរិស្ថាន។ រីឯគ្រឹះស្ថានសិក្សា អាចជួយកសាងជំនាញ និងការបង្កើតថ្មីនានា ដែលជាតម្រូវការចាំបាច់សម្រាប់អនាគតឧស្សាហកម្មបៃតង។

ការប្រែប្រួលអាកាសធាតុ គឺជាប្រឈមដ៏ធំមួយដែលកំណត់ជោគវាសនានៃយុគសម័យរបស់យើង ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការបង្កើតថ្មី និងការផ្លាស់ប្តូរទម្រង់ថ្មីផងដែរ។ វិស័យឧស្សាហកម្មមានសមត្ថភាព មិនត្រឹមតែក្នុងការកាត់បន្ថយដានបរិស្ថានរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាអ្នកដឹកនាំក្នុងការកសាងអនាគតដ៏មានចីរភាពទៀតផង។

រោងចក្រនាពេលអនាគត មិនគួរត្រូវបានមើលឃើញត្រឹមតែជាមជ្ឈមណ្ឌលផលិតកម្មនោះទេ។ ពួកគេគួរតែជាក្បាលម៉ាស៊ីននៃការបង្កើតថ្មី ប្រសិទ្ធភាព និងការគ្រប់គ្រងបរិស្ថានដោយការទទួលខុសត្រូវ។

កំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន មិនមែនជាគោលដៅដែលប្រឆាំងគ្នានោះឡើយ។ នៅពេលដែលមានការតម្រង់ទិសដោយចក្ខុវិស័យ បច្ចេកវិទ្យា និងការទទួលខុសត្រូវ ផ្នត់គំនិតទាំងពីរនេះនឹងក្លាយជាដៃគូសហការដើម្បីវឌ្ឍនភាព។

ហេតុដូច្នេះហើយ សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម មិនមែនជាការធ្វើឱ្យការអភិវឌ្ឍដើរយឺតនោះទេ។ វាគឺជានិរន្តរភាពដែលធានាថាការអភិវឌ្ឍអាចបន្តទៅមុខទៀតសម្រាប់មនុស្សជំនាន់ក្រោយៗ ដោយភាពស្អាតជាងមុន បៃតងជាងមុន និងមានចីរភាពជាងពេលណាៗទាំងអស់៕