World Cup 2026៖ អូស្រ្តាលី យកឈ្នះតួកគីយ៉េ ២-០ ក្នុងនាមក្រុមអាស៊ីទី៣ ដែលលេងមិនទាន់ចាញ់

14-06-2026 13:02

(បរទេស)៖ ក្រុមបាល់ទាត់អូស្រ្តាលី យកបាន ៣ពិន្ទុដោយស្រួលពី ១ប្រកួតបើកឆាកនៅព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup 2026 តាមរយៈបំបាក់តួកគីយ៉េ ២-០ នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា)។

ក្រុមហស្សនាម «កង់ហ្គូរូ» មួយនេះបន្តធ្វើបានល្អនៅ World Cup លើកទី២៣ និងចេញពីទ្វីបអាស៊ី (AFC) ក្នុងចំណោម ៣ក្រុមដែលលេងមិនទាន់ចាញ់ ពោលគឺក្រោយពេលកូរ៉េខាងត្បូង វាយបកឈ្នះក្រុមនៅអឺរ៉ុប សាធារណរដ្ឋឆេក ២-១ និងកាតាវាយបកតាមស្មើ ១-១ ទល់នឹងស្វីស។

ឆ្លងតាមជ័យជម្នះដ៏គាប់ប្រសើរនេះដែរ បានធ្វើឱ្យអូស្រ្តាលីមាន ៣ពិន្ទុស្មើនឹងម្ចាស់ផ្ទះសហរដ្ឋអាមេរិក និងឈរលេខ២ ប្រចាំពូល D បណ្តោះអាសន្ន នៅពេលតួកគីយ៉េ និងប៉ារ៉ាហ្គាយឈរបាតតារាង និងពុំទាន់មានពិន្ទុរាប់នៅឡើយ៕