គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទទីតាំងឃ្លាំង ស្តុកសាច់បង្កក និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ ចំនួន១២ទីតាំង ជាបណ្តោះអាសន្ន ក្រោយ ចុះពិនិត្យរយៈពេល៤

14-06-2026 13:13

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ មកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានសហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសង្ស័យបាននាំចូលស្តុកទុកចរាចរ និងចែកចាយផលិតផលបង្កក និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ បាន សរុបចំនួន១០៧ទីតាំង ក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំង ចំនួន១២ទីតាំង ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោកស្រីបានបន្តថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋាន សរុបចំនួន ១៨កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

ក្នុងប្រតិបតិការទាំង១៨ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំង ចំនួន២ មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ៖
១-ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន អេសខេអេសខេ .ក ដោយក្រុមការងារចម្រុះបានរកឃេីញ ទំនិញនាំចូលមកពីប្រទេសថៃ ចាប់ពីដើមខែកុម្ភ: ឆ្នាំ២០២៦ ពោលគឺក្រោយការបិទព្រំដែនគោក ។ ទំនិញទាំងនោះ មានចំនួន ៦១មុខ ជាប្រភេទកាហ្វេ ទឹកសេរ៉ូ ម៉្សៅទឹកដោះគោ។

២-ទីតាំងឃ្លាំង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ក្រុមការងារចម្រុះបានពិនិត្យរកឃើញផលិតផលប្រភេទសាច់បង្កក រួមមាន ៖ ដៃមឹក និងជេីងទាដែលបាននាំចូលពីប្រទេសថៃ។

ជាលទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១៣ ខែមិថុនានេះ សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំងទាំង២ខាងលើនេះ ជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំង ក្នុងខណ្ឌដង្កោ ចំនួន២នាក់ និងឃ្លាំងក្នុងខណ្ឌមានជ័យ ចំនួន១នាក់ ទៅធ្វើការសាកសួរបន្ថែម នៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕