លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបរិច្ចាគថវិកាទោះតិចឬច្រើន សុទ្ធតែមានតម្លៃមហាសាលក្នុងការជួយសង្គ្រោះជីវិតកុមារ, ចំនួនអ្នកចូលរួមកាន់តែច្រើន គឺបង្ហាញពីការយល់ដឹងរបស់ពលរដ្ឋចំពោះតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា

14-06-2026 13:34

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្ដិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការចូលរួមបរិច្ចាគថវិកាទោះតិចឬច្រើន សុទ្ធតែមានតម្លៃមហាសាលក្នុងការជួយសង្គ្រោះជីវិតកុមារ​ ហើយចំនួនអ្នកចូលរួមកាន់តែច្រើន គឺបានបង្ហាញកាន់តែច្បាស់ពីការយល់ដឹងរបស់ពលរដ្ឋចំពោះតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា។

ការថ្លែងថ្លែងរបស់លោកជំទាវបណ្ឌិតធ្វើឡើងនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងអាព្យាបាលកុមារ និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ចំនួន ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថាគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មានសប្បុរសជនចូលរួមប្រមាណ១៥ម៉ឺននាក់ បានបរិច្ចាគថវិកាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយប្រមូលថវិកាបានសរុបជាង ៥,៦ លានដុល្លារអាមេរិក។

លោកជំទាវបណ្ឌិតបានថ្លែងថា «ការចូលរួមរបស់បងប្អូនទោះតិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃ មិនថា១ម៉ឺនរៀល, ៥ពាន់រៀល ឬត្រឹម ១ពាន់រៀលនោះទេ ឱ្យតែបងប្អូនមានចិត្តចង់ជួយ គឺសុទ្ធតែអាចបរិច្ចាគបានទាំងអស់ តាមរយៈប្រព័ន្ធទទួលថវិការបស់មូលនិធិ ហើយការចូលរួមបរិច្ចាគថវិកាច្រើនគឺជារឿងគួរឱ្យត្រេកអរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺចំនួនអ្នកចូលរួមដែលកើនឡើងរៀងរាល់ឆ្នាំ។ វាកើតចេញពីការដែលប្រជាពលរដ្ឋយល់ដឹងពីតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផា ដឹងពីការលះបង់របស់គ្រូពេទ្យ និងមានទឹកចិត្តស្រឡាញ់ ចង់ជួយសង្គ្រោះជីវិតកុមារ។ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៧ លាននាក់។ ប្រសិនបើវាយតម្លៃថា មានអ្នកមានលទ្ធភាពរកចំណូលបានតែ ៥ លាននាក់ ហើយម្នាក់ៗជួយត្រឹម ១ម៉ឺនរៀល នោះថវិកាសរុបនឹងអាចជួយដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យបានយ៉ាងច្រើន»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថាការងាររបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា មិនមែនគ្រាន់តែជាការបំពេញវិជ្ជាជីវៈធម្មតានោះទេ ប៉ុន្តែវាជា បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត។ ការព្យាបាល និងថែទាំកុមារ ឬទារកទាមទារនូវក្ដីស្រឡាញ់ និងការអត់ធ្មត់ខ្ពស់ខ្លាំងណាស់ ព្រោះកុមារតូចៗមិនចេះប្រាប់ពីអាការៈឈឺចាប់របស់ខ្លួនដូចមនុស្សធំឡើយ គឺដឹងតែពីយំប៉ុណ្ណោះ។ ដូច្នេះការបរិច្ចាគសូម្បីតែមួយចំណែក គឺផ្ដល់ឱកាសព្យាបាលដល់កុមារម្នាក់ ហើយការជួយចែករំលែកព័ត៌មាន គឺជួយបំផុសទឹកចិត្តអ្នកដទៃឱ្យចូលរួម។ នៅពេលសង្គមទាំងមូលរួមគ្នា មន្ទីរពេទ្យគន្ធបុប្ផានឹងបន្តធ្វើជាក្ដីសង្ឃឹមសម្រាប់កុមារ និងគ្រួសារខ្មែរជាច្រើនជំនាន់ទៅមុខទៀត។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្នើឱ្យឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា និងស្ថាប័នពាក់ព័ន្ធបន្តការបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាក់ស្តែងដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុបដែលមានអាជីវកម្ម និងផ្សារទំនើបច្រើន អាចបង្កើតវិធីសាស្ត្រថ្មី ដូចជាការសួរនាំអតិថិជនដើម្បីបរិច្ចាគលុយអាប់សល់កន្ទុយ ដាក់ក្នុងប្រអប់សប្បុរសធម៌នៅតាមបញ្ជរគិតលុយ ដែលជាវិធីសាមញ្ញតែអាចប្រមូលថវិកាបានយ៉ាងច្រើន ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចបន្តទៅមុខ និងក្លាយជាទីពឹងរបស់កុមារខ្មែរជាច្រើនជំនាន់តទៅទៀតបាន៕