លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ មកទល់នឹងពេលនេះយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៥,៦លានដុល្លារ ពីសប្បុរសជនជាង១៥ម៉ឺននាក់

14-06-2026 13:37

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្ដិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាសរុបប្រមាណ ៥,៦លានដុល្លារអាមេរិក ពីសប្បុរសជនជាង១៥ម៉ឺននាក់​ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ការថ្លែងបញ្ជាក់របស់លោកជំទាវបណ្ឌិតធ្វើឡើងនៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងអាព្យាបាលកុមារ និងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ចំនួន ១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា​ «ឆ្នាំនេះតួលេខដែលនៅក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលខ្ញុំទទួលបានព្រឹកមិញនេះ គឺថាគិតត្រឹមម៉ោង៧កន្លះព្រឹកនេះ គឺមានសប្បុរសជន ១៥ម៉ឺននាក់ចូលរួមបរិច្ចាគថវិកា ហើយគិតជាប្រាក់ដុល្លារទៅគឺសរុបប្រមាណជាង ៥លាន៦សែនដុល្លារអាមេរិក តួលេខនេះមានការកើនឡើង ហើយការចូលរួមទោះតិចឬច្រើនសុទ្ធតែមានតម្លៃមហាសាលក្នុងការជួយសង្គ្រោះជីវិតកុមារ។ ចំនួនអ្នកចូលរួមកាន់តែច្រើន បង្ហាញពីការយល់ដឹងរបស់ពលរដ្ឋចំពោះតម្លៃនៃមន្ទីរពេទ្យគន្ធបុប្ផាកាន់តែច្រើនឡើងផងដែរ»

លោកជំទាវបណ្ឌិតបន្តថា ថវិកាដែលបរិច្ចាគទាំងនេះ បានប្រែក្លាយទៅជាឱសថ និងការព្យាបាលដ៏ល្អដោយឥតគិតថ្លៃ ជួយសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺនសែននាក់ ដែលពួកគេគឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។

លោកជំទាវបណ្ឌិតបានបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនគ្រាន់តែជាកន្លែងព្យាបាលជំងឺទូទៅនោះទេ ប៉ុន្តែគឺជា «និមិត្តរូបនៃក្ដីសង្ឃឹម ជីវិតថ្មី សេចក្ដីទុកចិត្ត និងភាពកក់ក្ដៅ» សម្រាប់ក្រុមគ្រួសារខ្មែរ ជាពិសេសគ្រួសារក្រីក្រដែលគ្មានលទ្ធភាព។ ហើយក្តីសង្ឃឹមរបស់កុមារកម្ពុជាកើតឡើងបាន ដោយសារមានការរួមដៃគ្នាពីមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាស្វីស និងសប្បុរសជនគ្រប់ទិសទី រួមជាមួយក្រុមគ្រូពេទ្យផងដែរ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា ក្នុងនាមជាម្ដាយគ្មានការព្រួយបារម្ភ និងលំបាកចិត្តណាធំជាងពេលឃើញកូនៗឈឺនោះឡើយ។ ឪពុកម្ដាយជាច្រើន សូម្បីតែអ្នកនៅដាច់ស្រយាលដែលគ្មានប្រាក់កាក់ជាប់ខ្លួន ក៏សុខចិត្តខ្ចីបុលគេ ធ្វើដំណើរពីយប់អាធ្រាត្រដើម្បីមកចាំចាប់លេខ ព្រោះតែពួកគេមាន «ក្ដីសង្ឃឹម និងជំនឿជាក់» ថាស្ថាប័នពេទ្យដ៏ល្បីល្បាញមួយនេះនឹងអាចព្យាបាលកូនៗរបស់ពួកគេឲ្យជាសះស្បើយ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានស្នើឱ្យស្ថាប័នពាក់ព័ន្ធមានការបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ជាក់ស្តែងដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុបដែលមានអាជីវកម្ម និងផ្សារទំនើបច្រើន អាចបង្កើតវិធីសាស្ត្រថ្មី ដូចជាការសួរនាំអតិថិជនដើម្បីបរិច្ចាគ «លុយអាប់សល់កន្ទុយ» ដាក់ក្នុងប្រអប់សប្បុរសធម៌នៅតាមបញ្ជរគិតលុយ ដែលជាវិធីសាមញ្ញតែអាចប្រមូលថវិកាបានយ៉ាងច្រើន ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាអាចបន្តទៅមុខ និងក្លាយជាទីពឹងរបស់កុមារខ្មែរជាច្រើនជំនាន់តទៅទៀតបាន។

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦។ នាឱកាសនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕