អ្នកជំនាញអារ្យធម៌ខ្មែរ៖ ប្រវត្តិទីតាំងទាត់សីរបស់ឃុនឆាង ឃុនផែន ខេត្ដកោះកុង ជានិមិត្ដរូបល្បែងប្រជាប្រិយខ្មែរនៃវិស័យយោធាសម័យបុរាណ
14-06-2026 14:12
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងប្រវត្តិល្បែងប្រជាប្រិយខ្មែរ, បើយើងធ្វើដំណើរដល់ទឹកដីខេត្ដកោះកុង យើងម្នាក់ៗ តែងនឹកដល់ល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់មួយ ទាក់ទងនៃរឿងព្រេង បែបប្រវត្តិសាស្ត្រ បង្ហាញលើផ្ទាំងសិលាដ៏ធំមហិមា មានស្នាមឆូតរហែកដាច់ជាពីរយ៉ាងរាបស្មើធេង ដែលជាទីលាននៃការប្រកួតទាត់សីរវាងឃុនឆាង ឃុនផែន ស្ថិតនៅក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ចេតិយ៍ឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ទេសចរ។
ស្ថិតក្នុងប្រពៃណីល្បែងទាត់សីនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ដរូបនៃល្បែងប្រជាប្រិយ សិល្បៈ វប្បធម៌ខ្មែរ ដើម្បីឲ្យវិស័យយោធាសម័យបុរាណមានសកម្មភាពយ៉ាងរស់រវើក។ ដោយហេតុថា តួអង្គ ឃុនផែន បានប្រើមន្តអាគមសែកមន្តគាថា ទៅលើគ្រាប់សី ដើម្បីឲ្យសីនោះស្តាប់បង្គាប់ មិនងាយធ្លាក់ដល់ដី ដែលជាហេតុធ្វើឲ្យខាង ឃុនឆាង ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ។
បានន័យថា ការហ្វឹកហ្វឺនយោធានាសម័យបុរាណកាល ល្បែងទាត់សីត្រូវបានគេជឿថា ជាផ្នែកមួយនៃការហ្វឹកហ្វឺនកាយសម្បទា ភាពរហ័សរហួន ភាពប៉ិនប្រសប់ ដល់ភ្នែករបស់កងទ័ព និងសាមគ្គីភាពស្អិតរមួត មុនពេលចេញទៅសមរភូមិ។
លោក រ័ត្ន សណ្តាប់ បន្ដថា ស្ថិតក្នុងតម្លៃវប្បធម៌នេះទៀតសោត ល្បែងទាត់សី ជាសិល្បៈនៃការប្រើប្រាស់រាងកាយ សុខភាព ជួយឲ្យសាច់ដុំជើងរឹងមាំ ភ្នែករហ័សរហួន និងមានលំនឹងរាងកាយល្អ។ បង្កើតភាពស្និទ្ធស្នាល រឹតចំណងមិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍ ព្រោះវាជាល្បែងដែលមិនប្រកាន់វណ្ណៈ ឬអាយុវ័យឡើយ។ គេអាចលេងបានទាំងបុរសទាំងស្ត្រី មនុស្សចាស់ ឬក្មេង ហើយគេច្រើនតែលេងនៅតាមទីធ្លាវត្តអារាម ភូមិដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬពេលទំនេរពីការងារស្រែចម្ការយ៉ាងសប្បាយរីករាយ។
អ្នកលេងឈរជាវង់មូល ឬឈរទល់មុខឈ្លាតឆ្ងាយពីគ្នារួចទាត់សីឲ្យគ្នាទៅវិញទៅមក មិនឲ្យធ្លាក់ដល់ដី។ គេអាចប្រើជើង, ខ្នងជើង, កែងជើង, ជង្គង់, ស្មា និងក្បាល ដើម្បីទាត់ ឬជួសសី។ ការលេងបែបនេះ ទាមទារការសហការគ្នាខ្ពស់នូវស្មារតីសាមគ្គីភាព ប្រទាក់គ្នាធ្វើយ៉ាងណាកុំឲ្យសីធ្លាក់ដល់ដី។ នេះជាការបង្រៀនដោយប្រយោលនូវស្មារតីក្រុម ការយោគយល់ និងការជួយសង្គ្រោះគ្នាទៅវិញទៅមក ពេលមិត្តរួមក្រុមទាត់ខុសបច្ចេកទេស អ្នកជិតខាងត្រូវស្ទុះទៅជួយយកអាសា ដោយក្ដីអនុគ្រោះសិទ្ធិស្នាល និងបរិយាកាសរីករាយ។
ហេតុនេះល្បែងទាត់សី ជាទម្រង់សិល្បៈក្បាច់រាំមួយបែបនៃការរស់នៅ ដើម្បីគ្រប់គ្រងស្មារតី និងអារម្មណ៍ អ្នកលេងត្រូវមានការផ្ដោតអារម្មណ៍ខ្ពស់ ភ្នែកត្រូវសម្លឹងមើលចលនារបស់សី រួចបញ្ជាខួរក្បាល និងរាងកាយឲ្យឆ្លើយតបភ្លាមៗ បត់បែន និងការច្នៃប្រឌិត មានសភាពរស់រវើក ។ នៅក្នុងប្រពៃណីអរិយធម៌ខ្មែរ ល្បែងទាត់សី មិនមែនគ្រាន់តែជាល្បែងសម្រាប់កំដរដៃជើងនោះទេ ប៉ុន្តែជាកញ្ចក់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ មានភាពរស់រវើកនៃសហគមន៍ និងការថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ ប្រវត្តិទីតាំងទាត់សីរបស់ឃុនឆាង ឃុនផែន ខេត្ដកោះកុង គួររាជរដ្ឋាភិបាលថែទាំដើម្បីទុកជានិមិត្ដរូបល្បែងប្រជាប្រិយខ្មែរ នៃវិស័យយោធាសម័យបុរាណឲ្យបានល្អផូរផង់៕








