ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំរើន បញ្ជ្រាបការយល់ដឹងពីផែនការរួមរបស់គណបក្ស និងពង្រឹងការត្រៀមលក្ខណៈរបស់សមាជិកនៅមូលដ្ឋាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

14-06-2026 17:20

(ព្រះវិហារ)៖ លោក គួង ឡូ អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំរើន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានឃុំចំរើន ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក គួង ឡូ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ សមាជិកគណកម្មាធិការកណ្តាល និងប្រធានគណបក្សខេត្តព្រះវិហារ និងលោក គីម រិទ្ធី សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងឃុំចំរើន ស្រុកសង្គមថ្មី។

លោក គួង ឡូ បានថ្លែងធ្វើការផ្សព្វផ្សាយ និងណែនាំអំពីផែនការរួមរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដោយជំរុញឱ្យគ្រប់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងអនុវត្តការងារនយោបាយឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក គួង ឡូ បានថ្លែងទៀតថា៖ «យើងទាំងអស់គ្នាត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចុះជាប់ជាមួយប្រជាពលរដ្ឋ ស្តាប់ពីសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីរក្សាទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា»

លោកបានថ្លែងបន្តថា៖ «ការត្រៀមខ្លួនឱ្យបានល្អតាំងពីពេលនេះ គឺជាកត្តាសំខាន់ក្នុងការធានាភាពជោគជ័យសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដោយត្រូវអនុវត្តផែនការការងារឱ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់»

ជាមួយគ្នានេះ លោក គួង ឡូ ក៏បានថ្លែងក្រើនរំលឹកដល់ក្រុមការងារ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់នូវគោលការណ៍(រ)ទាំង៥រួមមាន៖ទី១.រួមគ្នាគិត ទី២.រួមគ្នាធ្វើ ទី៣.រួមគ្នាត្រួតពិនិត្យ និងវាយតម្លៃ ទី៤.រួមគ្នាកែលម្អ និងទី៥.រួមគ្នាទទួលខុសត្រូវ។លោកក៏ថ្លែងណែនាំឱ្យបន្តលើកកម្ពស់ស្មារតីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស និងរួមគ្នាអនុវត្តភារកិច្ចដែលបានកំណត់ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

លោកថាកិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការរួមរបស់គណបក្ស និងពង្រឹងការត្រៀមលក្ខណៈរបស់មន្ត្រី និងសមាជិកគណបក្សនៅមូលដ្ឋាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕