អភិបាលស្រុកអង្គរធំ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដាំឈើទាំងអស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងរួមចំណែកទាក់ទាញភ្ញៀវទេសចរ
14-06-2026 17:31
(សៀមរាប)៖ លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមដាំឈើទាំងអស់ ដើម្បីលើកកម្ពស់សោភ័ណភាព ទេសភាពកាន់តែស្រស់ស្អាត និងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកអង្គរធំ ក៏ជាស្រុកមួយដែលនៅជាប់នឹងរមណីដ្ឋានអង្គរ ដែលជាសម្បត្តបេតិកភណ្ឌពិភពលោក។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ពៅ ប៊ុនធឿន ធ្វើឡើងនៅក្នុងពិធីបុណ្យផ្កាប្រាក់ និងដាំដើមឈើ នៅវត្តវិសុទ្ធិមគ្គ ក្នុងភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកអង្គរធំ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រះសង្ឃ និងព្រជាពលរដ្ឋមកពីតាមបណ្តារាជធានី ខេត្តជាច្រើនចូលរួមផងដែរ។
លោកបានបន្តថា«ដើម្បីចូលរួមចំណែកការស្តារដើមឈើនៅក្នុងខេត្តសៀមរាប ក៏ដូចជានៅក្នុងប្រទេសយើងឡើងវិញ កន្លងមករដ្ឋបាលស្រុកអង្គរធំ បានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ បានដាំកូនឈើជាច្រើន នៅតាមដងផ្លូវមួយចំនួនក្នុងស្រុកផងដែរ»។
លោក ពៅ ប៊ុនធឿន បញ្ជាក់ថា ដើមឈើក៏ជាជម្រកដ៏កក់ក្តៅមួយសម្រាប់មនុស្ស និងសត្វ ហើយដើមឈើខ្លះទៀត ក៏បានផ្តល់នូវផលានុផលដ៏សំបូរបែបសម្រាប់ទទួលទាន និងលក់ដូរផងដែរ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំដើមឈើ ដើម្បីធ្វើឱ្យកម្ពុជាមានពណ៍បៃតងស្រស់ស្ងាត និងទប់ស្កាត់នូវគ្រោះធម្មជាតិផ្សេងៗផងដែរ។
ភិក្ខុធម្មានន្ទោ តែតែម គឹមស៊ុន តំណាងព្រះគ្រូចៅអធិការវត្តវិសុទ្ធិមគ្គ មានសង្ឃដីកាថា វត្តវិសុទ្ធិមគ្គក៏មានដើមឈើស្រាប់ហើយដែរ តែដោយសារបរិវេណទីធ្លារបស់វត្តធំ កន្លែងមួយចំនួនពុំមានដើមឈើ។ដូច្នេះហើយ ទើបគណៈកម្មការវត្តរៀបចំពិធីបុណ្យផ្កាប្រាក់ និងដាំដើមឈើនេះឡើង។
ភិក្ខុធម្មានន្ទោ តែតែម គឹមស៊ុន មានសង្ឃដីកាបន្តថា ដើមឈើមានសារៈសំខាន់ណាស់សម្រាប់ព្រះសង្ឃក្នុងការប្រតិបត្តិធម៍ និងសិក្សារៀនសូត្រ ព្រមទាំងជាជម្រករបស់សត្វស្លាបផង ព្រោះនៅទីនេះ សំបូរទៅដោយសត្វស្លាបជាច្រើនមករស់នៅ។
ជាមួយនេះដែរ ភិក្ខុធម្មានន្ទោ ក៏បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំដើមឈើទាំងអស់គ្នា នៅតាមវត្តអារាម ឬក៏ទីធ្លាសាធារណៈមួយចំនួន ដែលមិនទាន់មានដើមឈើ ព្រោះអាកាសធាតុសព្វថ្ងៃវាក្តៅណាស់ កាលណាមានដើមឈើ វាក៏អាចជួយទប់ទល់នឹងកម្តៅបានមួយផ្នែកផងដែរ៕



























