គណៈប្រតិភូធុរជនចិនទៀជីវពិភពលោក ដើរតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគនៅកម្ពុជា

14-06-2026 18:29

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុង «កិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១» ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ និងជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះត្រូវបានរៀបចំឡើងនៅក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា នៅតែរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិនបរទេស។ សរុបជារួម កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនពីជុំវិញពិភពលោក។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចិនអាចចូលមកកម្ពុជាដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយអាចស្នាក់នៅរយៈពេល ១៤ថ្ងៃ និងអាចចូលចេញបានច្រើនដង។

សូមជម្រាបជូនថា យោងតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរចិនសម្រាប់វិស័យទេសចរណ៍កម្ពុជា៕