រដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree) ដើម្បីផ្សាភ្ជាប់ការអភិរក្សបរិស្ថាន ជាមួយការអភិវឌ្ឍទេសចរណ៍បៃតង

14-06-2026 18:38

(តាកែវ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាទី និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជាគណៈអធិបតីក្នុងពិធីដាំកូនឈើអមសងខាងផ្លូវ និងក្នុងបរិវេណរមណីយដ្ឋានទេសចរណ៍ទន្លេបាទី ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន សិស្ស-និស្សិត ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា កាយឫទ្ធិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៩៥០ អង្គ/នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះលោក គី តិច ដែលបានផ្តួចផ្តើមរៀបចំពិធីដាំកូនឈើក្រោមប្រធានបទ «រួមគ្នាដាំកូនឈើ ដើម្បីបរិស្ថាន ទេសចរណ៍ និងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ» ដែលជាសកម្មភាពដ៏មានអត្ថន័យក្នុងការចូលរួមថែរក្សាបរិស្ថាន បង្កើនសោភ័ណភាព និងលើកកម្ពស់ភាពទាក់ទាញរបស់រមណីយដ្ឋានទេសចរណ៍ទន្លេបាទី ឱ្យកាន់តែមានភាពបៃតង ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក វ៉ី សំណាង អភិបាលខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តតាកែវ ជាពិសេសការរៀបចំ និងអភិរក្សគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំពិធីដាំកូនឈើនេះ គឺជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍទេសចរណ៍បៃតង (Green Tourism) នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សាភ្ជាប់ការអភិរក្សបរិស្ថានជាមួយការអភិវឌ្ឍទេសចរណ៍បៃតងប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏កំពុងជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree)» ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរចូលរួមដាំដើមឈើ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងអំឡុងពេលរដូវកាលបៃតង (Green Season) របស់កម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ដែលជារដូវកាលពោរពេញដោយទេសភាពធម្មជាតិបៃតងស្រស់ អាកាសធាតុត្រជាក់ស្រួល និងបរិយាកាសស្រស់ស្រាយ ស័ក្តិសមសម្រាប់ការធ្វើដំណើរកម្សាន្ត។

កូនឈើដែលត្រូវបានដាំក្នុងពិធីនេះ រួមមានប្រភេទផ្កាសាគូរ៉ា និងកូនឈើប្រណីតផ្សេងៗ សរុបប្រមាណ ១,០០០ ដើម ដែលនឹងរួមចំណែកបង្កើនគម្របពណ៌បៃតង លើកកម្ពស់សោភ័ណភាពបរិស្ថាន និងបន្ថែមភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ទន្លេបាទី។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារអាមេរិក សម្រាប់ការសាងសង់បង្គន់អនាម័យសាធារណៈក្នុងបរិវេណរមណីយដ្ឋានទេសចរណ៍ទន្លេបាទី ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម បរិស្ថានអនាម័យ និងផាសុកភាពជូនភ្ញៀវទេសចរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍរមណីយដ្ឋានឱ្យកាន់តែមានភាពទាក់ទាញ និងសមស្របតាមស្តង់ដាទេសចរណ៍ផងដែរ៕