រដ្ឋមន្ត្រី ហួត ហាក់ នឹងចូលរួម «វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៦» រយៈពេល៣ថ្ងៃ នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

14-06-2026 18:39

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួម «វេទិកាទេសចរណ៍មេគង្គ ២០២៦» និង កម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

វេទិកាទេសចរណ៍មេគង្គ ២០២៦នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសណ្ឋាគារ ទេសចរណ៍ និង វប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមមូលបទ «ទេសចរណ៍ដើម្បីប្រជាជន ការធ្វើដំណើរ ប្រកបដោយអត្ថន័យ»។

វេទិកានេះគឺជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធជួបពិភាក្សាផ្លាស់ប្តូរទស្សនវិស័យ និង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពដោយផ្តោតលើ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាស្នូល នៅក្នុងមហាអនុតំបន់មេគង្គ។ លោករដ្ឋមន្ត្រី ក៏ត្រូវបានអញ្ជើញជា ភ្ញៀវកិត្តិយសថ្លែងសុន្ទកថាពិសេសនាឱកាស នៃកម្មវិធីបើកវេទិកានេះផងដែរ។

នាឱកាសនៃការចូលរួមវេទិកានេះដែរ លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងឆ្លុះបញ្ចាំងពី ចំណងមិត្តភាព និងបង្កើនសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត រដ្ឋមន្ត្រី ហួត ហាក់ ក៏នឹងអញ្ជើញចូលរួមបើកកម្មវិធី «ផ្សព្វផ្សាយទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ា» ដើម្បីរួមគ្នាផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តជំរុញលំហូរភ្ញៀវទេសចរមីយ៉ាន់ម៉ាមកកាន់កម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត៕