កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scam ដោយបានរកឃើញជនបទេសជាង១០០នាក់
14-06-2026 19:12
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scam ដោយបានរកឃើញជនបទេសជាង១០០នាក់ ក្នុងនោះជនជាតិថៃចំនួន៥៨នាក់ និងជនជាតិឥណ្ឌូនេស៊ី ចំនួន៤៨នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងចំនួន៥នេះ បានរកឃើញជនបរទេសចំនួន១០៦នាក់ ក្នុងនោះស្រី៣៩នាក់ មាន២សញ្ជាតិ រួមមានថៃចំនួន៥៨នាក់(ស្រី២៧នាក់) និងឥណ្ឌូនេស៊ី៤៨នាក់ (ស្រី១២នាក់)។
+ទីតាំង៥នោះ រួមមាន៖
* ទីតាំងទី១៖ នៅអគារមានកម្ពស់៥ជាន់ ៥៣បន្ទប់ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញមានជនជាតិថៃស្នាក់នៅចំនួន៥៤នាក់ ស្រី២៦នាក់ បម្រើការងារនៅកាស៊ីណូហូលីដេ ពុំមានសម្ភារ:សង្ស័យ អប់រំធ្វើកិច្ចសន្យា។ ម្ចាស់អគារ មានឈ្មោះ យាន គឹមឈីន និងប្ដីឈ្មោះ ជិន សកល។
* ទីតាំងទី២៖ នៅផ្ទះ១ល្វែងកម្ពស់៣ជាន់ ១៤បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន៤៣នាក់ ស្រី៩ ជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះ៦នាក់ប្រុស មិនមានលិខិតឆ្លងដែន បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង។ ម្ចាស់ផ្ទះ ឈ្មោះ ឈួន សុខជា។
* ទីតាំងទី៣៖នៅអគារកម្ពស់៥ជាន់ ៣៣បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ របស់ឈ្មោះ ចេស ប៊ុនថន។នៅទីតាំងនេះ ពុំមានជនបរទេសស្នាក់នៅ ពុំមានសម្ភារ:សង្ស័យ អប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី៤៖ នៅបន្ទប់ជួល១១បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅ៤នាក់ (ស្រី១នាក់) ក្នុងនោះ២នាក់ប្រុស ពុំមានលិខិតឆ្លងដែន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី។ ចំពោះម្ចាស់ទីតាំង ប្រគល់ឱ្យចៅសង្កាត់បន្ដស្រាវជ្រាវ។
* ទីតាំងទី៥៖ នៅផ្ទះ២ល្វែង កម្ពស់២ជាន់ របស់ឈ្មោះ លន់ ទូច ។ រកឃើញជនជាតិឥណ្ឌូនេស៊ី៥នាក់ (ស្រី៣នាក់) ពុំមានសម្ភារ:សង្ស័យ អប់រំធ្វើកិច្ចសន្យា៕
ទីតាំងទី១









ទីតាំងទី១







ទីតាំងទី២



ទីតាំងទី៣




ទីតាំងទី៤


ទីតាំងទី៥



