មន្ទីរពេទ្យកុមារជាតិ ប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារ (អគារវះ កាត់) កម្ពស់ ៤ជាន់ ក្រោមថវិកាសាងសង់សរុបជាង ៥លានដុល្លារ
14-06-2026 19:21
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារជាតិ បានប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារ (អគារវះ កាត់កុមារ) ដែលមាកម្ពស់ ៤ជាន់ ចំណាយទឹកប្រាក់សាងសង់សរុប ៥លាន២សែនដុល្លារ ជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្រាប់ពង្រីកវិសាលភាពសេវាផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ ឆ្លើយតបនឹងតម្រូវការសេវាថែទាំព្យាបាលកុមារកាន់តែប្រសើរ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកដ្ឋានបុកគ្រឹះសាងសង់អគារសល្យសាស្ត្រកុមារនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៉ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារជាតិ និងលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ រួមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូបទៀត។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានឲ្យដឹងថា អគារសល្យសាស្ត្រកុមារ បានសាងសង់លើទំហំដី ៣,២៨៧ម៉ែត្រការ៉េ កម្ពស់ ២០.៤ម៉ែត្រ(២០.៩ម៉ែត្រទាំង កាំជណ្តើរ) បណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខាចាំបាច់ នឹងជួយពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ។
គម្រោងនេះនឹងពង្រីកលទ្ធភាពមន្ទីរពេទ្យក្នុងការបម្រើសេវាសុខភាពដល់កុមារកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងទទួលបានជោគជ័យស្របតាមយុទ្ធសាស្ត្រក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ បាននឹងកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបុគ្គលិកជំនាញ និងគុណភាពសេវា ដើម្បីមានលទ្ធភាពកាន់តែច្រើន ក្នុងការផ្តល់ជូនសេវាសុខភាពកុមារដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាឱ្យបានរីកចម្រើន ថ្កុំថ្កើន រុងរឿង ទៅថ្ងៃអនាគត។
«ទោះជាយ៉ាងណា មន្ទីរពេទ្យកុមារជាតិ នៅតែត្រូវការយ៉ាងខ្លាំង នូវការចូលរួមរបស់ដៃគូរសហការទាំងអស់ ក្រោមការណែនាំនិងចង្អុលបង្ហាញពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលផ្តល់ឪកាសឲ្យមន្ទីរពេទ្យកុមាជាតិ មានលទ្ធភាពកាន់តែច្រើនក្នុងការសង្គ្រោះជីវិត និងផ្តល់គុណភាពជីវិតដល់កុមារទាំង អស់ និងដើម្បីរួមកម្លាំងកសាងជាតិក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ខ្ញុំបាទមានសេចក្តីជឿជាក់ថា អគារនេះនឹងជួយឲ្យមន្ទីរពេទ្យកុមារជាតិ មានលទ្ធភាពកាន់តែខ្ពស់ ក្នុងការផ្តល់ជូននូវសេវាថែទាំ ព្យាបាលយ៉ាងកក់ក្តៅប្រកបដោយមេត្តាធម៌ សម្រាប់កុមារកម្ពុជាទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយកមន្ទីរពេទ្យ។
សូមជម្រាបថា នៅស្អែកព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់អគារសល្យសាស្រ្តកុមារ នៃគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារជាតិ៕


































