ក្រុមហ៊ុន Banjaran និងក្រុមហ៊ុន ZO Motors ចុះកិច្ចព្រមព្រៀងសហការ ជាដៃគូយុទ្ធសាស្ដ្រ ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ

14-06-2026 19:29

(ភ្នំពេញ)៖ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីចុះកិច្ចព្រមព្រៀង សហការដៃគូយុទ្ធសាស្ត្រ រវាងក្រុមហ៊ុនទាំងពីរ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។

ពិធីចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនទាំងពីរនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ពន្លឿនការបោះផ្សាយលក់ឯកតាមូលនិធិ ដែលជាផលិតផលរបស់ក្រុមហ៊ុន បេនចារ៉ាន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យមូលបត្រ ជាពិសេសមូលនិធិ នៃគម្រោងវិនិយោគរួម រួមផ្សំនឹងវិស័យសក្តានុពលផ្សេងៗ ដែលពាក់ព័ន្ធ។

ថ្លែងក្នុងពិធីនេះ លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ពិធីថ្ងៃនេះ បង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួន និងទស្សនៈវិស័យរួមគ្នា របស់ក្រុមហ៊ុនទាំងពីរ ដើម្បីចូលរួមប្រតិបត្តិការ ប្រកបដោយស្តង់ដារខ្ពស់។

លោក ស៊ូ សុជាតិ បានជំរុញឱ្យ Banjaran Asset Management និង ZO Motors បន្តអនុវត្តប្រតិបត្តិការរបស់មូលនិធិនេះ ដោយសុចរិតភាពបំផុត និងការប្រកាន់ខ្ជាប់ យ៉ាងតឹងរ៉ឹងចំពោះច្បាប់ និងបទប្បញ្ញត្តិដែលកំពុងមាន ដែលមានសារៈសំខាន់ ក្នុងការរក្សាទំនុកចិត្តរបស់វិនិយោគិន។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានផ្តួចផ្តើមគំនិត ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុនហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនធ្វើអាជីវកម្ម ក្នុងវិស័យដឹកជញ្ជូនដើរដោយថាមពលអគ្គិសនី។

សូមជម្រាបថា ក្រុមហ៊ុន ZO Motors (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនត្រួសត្រាយផ្លូវ ក្នុងការផ្លាស់ប្តូរពណ៌បៃតងរបស់ប្រទេសកម្ពុជា ដែលប្រតិបត្តិការជាអ្នកនាំចូល និងចែកចាយរថយន្តអគ្គិសនីពាណិជ្ជកម្មដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក Banjaran Asset Management (Cambodia) Plc. គឺជាក្រុមហ៊ុនដែលត្រួសត្រាយផ្លូវ និងគ្រប់គ្រងមូលនិធិ ដែលកំពុងដំណើរការ ក្រោមក្របខណ្ឌ នៃគម្រោងវិនិយោគរួម (CIS) នៃនិយតករមូលបត្រកម្ពុជា (SERC)៕