បណ្ឌិត កៅ មុយថង៖ អរិយធម៌សកល ជាគ្រឹះនៃសហគមន៍ជោគវាសនារួមមនុស្សជាតិ និងការឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបកម្ពុជា-ចិន

14-06-2026 20:18

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងថា នៅក្នុងរបត់នៃការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល ការស្វែងរកនិម្មាបនកម្មការទូតថ្មីមួយដែលផ្អែកលើ «វប្បធម៌ និងអរិយធម៌» កំពុងក្លាយជាប្រធានបទដ៏មានសារៈសំខាន់បំផុត។

លោកបណ្ឌិតបានបន្តថា គោលបំណងស្នូលគំនិតផ្តួចផ្តើមស្តីពីអរិយធម៌សកល គឺចិនចង់ប្រាប់ពិភពលោកថា គ្មានអរិយធម៌ណាមួយខ្ពង់ខ្ពស់ជាងអរិយធម៌ណានោះទេ ដូចគ្នានេះដែរ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្លុកណាមួយ ឬថាជាតម្លៃសកល តែមួយគត់» (Universal Values) នោះឡើយ។ ពោលគឺ ប្រទេសនីមួយៗមានសិទ្ធិពេញលេញក្នុង ការជ្រើសរើសផ្លូវអភិវឌ្ឍន៍ ដែលស្របតាមចរិតលក្ខណៈជាតិ និងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការពិនិត្យមើលលើគំនិតផ្តួចផ្តើមស្តីពីអរិយធម៌សកល (Global Civilization Initiative - GCI) ដែលដាក់ចេញដោយលោកប្រធានរដ្ឋចិន ស៊ី ជីនភីង មិនត្រឹមតែជាការឆ្លើយតបនឹងវិបត្តិសកលនោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតថភាពនៃទំនាក់ទំនងមិត្តភាពដែកថែបដ៏រឹងមាំ និងមិនអាចបំបែកបានរវាងកម្ពុជា និងចិន ក្នុងបរិបទនៃការកសាងសហគមន៍ជោគវាសនារួមមនុស្សជាតិ។

* ផ្លូវបំបែកនៃវាសនាមនុស្សជាតិ៖ សាមគ្គីភាព ឬភាពចលាចល?

ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពតានតឹង ដោយសារការប្រកួតប្រជែងរវាងមហាអំណាច ធំៗ និងការប្រកាន់ខ្ជាប់នូវផ្នត់គំនិតចំណេញ-ខាតឯកតោភាគី (Zero-Sum Game) ដែលកំពុងបិទ បាំងសន្តិភាពសកល។ ក្នុងខណៈនេះ គំនិតផ្តួចផ្តើម GCI ត្រូវបានមើលឃើញថាជាដំណោះស្រាយ និងជាច្រកចេញរួមមួយ។ គំនិតផ្តួចផ្តើមនេះមិនមែនជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដើម្បីបង្កើន អំណាចរឹង (Hard Power) នោះឡើយ ប៉ុន្តែវាគឺជាការអំពាវនាវនៃមនសិការមនុស្សជាតិ ដើម្បីរក្សា សន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ដែលជាសេចក្តីប្រាថ្នារួមរបស់ ប្រជាជនគ្រប់រូប។

នៅក្នុងយុគសម័យដ៏ស្រពិស្រពិលនេះ មនុស្សជាតិកំពុងស្ថិតនៅលើផ្លូវបំបែកដ៏គន្លឹះបំផុត ដែល ទាមទារឱ្យមានការជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវមួយ។ តើយើងត្រូវចាប់យកមាគ៌ាទី១ គឺការរួមដៃគ្នា បង្រួបបង្រួម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសកលដើម្បីស្ថាបនាសន្តិសុខ និងវិបុលភាពរួម ឬ មួយក៏ត្រូវបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងមាគ៌ាទី២ គឺការបន្តប្រកាន់ខ្ជាប់នូវផ្នត់គំនិតប្រជែងគ្នា និងការ ប្រឈមមុខដាក់គ្នា មិនថាក្នុងសមរភូមិមនោគមវិជ្ជា សេដ្ឋកិច្ច ឬបច្ចេកវិទ្យា ដែលមានតែការរុញច្រាន ពិភពលោកទៅរកភាពចលាចល និងការបែកបាក់?

សម្រាប់ទំនាក់ទំនងទ្វេភាគីដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាពិសេសទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកវិភាគយល់ឃើញថា ការបែរខ្នងដាក់គ្នាទៅវិញទៅមកមិនមែនជា ជម្រើសឡើយ។ នៅក្នុងយុគសម័យដែលមានទំនាក់ទំនងប្រទាក់ក្រឡាគ្នានេះ ជម្លោះនិងការប្រឈម មុខដាក់គ្នា មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាអ្វីបាននោះទេ ប៉ុន្តែវាមានតែបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរ ដែលពិភពលោកទាំងមូលមិនអាចទ្រាំទ្របាន។

សច្ចភាពមួយគឺ ភពផែនដីយើងនេះមានទំហំធំល្មមសម្រាប់ទទួលការរីកចម្រើនរបស់គ្រប់បណ្តា ប្រជាជាតិ ហើយភាពជោគជ័យរបស់ប្រទេសមួយមិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែវាគឺជាកាលា នុវត្តវិស័យសម្រាប់ប្រទេសដទៃ។ ដូចទស្សនវិជ្ជាដ៏មានអត្ថន័យជ្រាលជ្រៅរបស់លោកប្រធានរដ្ឋ ស៊ី ជីនភីង ដែលបានថ្លែងនៅទីស្នាក់ការកណ្តាល UNESCO ថា៖ «ផ្កាតែមួយទង មិនអាចបង្កើតរដូវផ្ការីក បានឡើយ លុះត្រាតែមានផ្ការាប់រយពណ៌រីកស្គុះស្គាយ ទើបនាំមកនូវនិទាឃរដូវដ៏រស់រវើកដល់សួន ច្បារទាំងមូល»។ នេះហើយជាខ្លឹមសារស្នូលនៃ GCI ពោលគឺការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញ ទៅមក ដោយបដិសេធដាច់ខាតនូវផ្នត់គំនិតផ្តាច់មុខ ឬការមើលងាយអរិយធម៌ដទៃ។

* សសរស្តម្ភទាំង៥ នៃអរិយធម៌៖ ត្រីវិស័យសម្រាប់អភិបាលកិច្ចសកល

មែនទែនទៅ គំនិតផ្តួចផ្តើមអរិយធម៌សកល មិនមែនសម្រាប់ជាការជួបជុំគ្នាដើម្បីសម្តែងសិល្បៈ ឬការផ្លាស់ប្តូរវប្បធម៌ធម្មតានោះទេ។ ប្រវត្តិសាស្ត្របង្ហាញថា អាវុធ ឬលុយកាក់មិនអាចស្តារដួងព្រលឹង នៃប្រជាជាតិមួយបានឡើយ។ មានតែវប្បធម៌មួយគត់ដែលជាកម្លាំងអព្ភូតហេតុមិនអាចជំនួសបានក្នុង ការដាស់សិរីរុងរឿងរបស់ជាតិឱ្យស្ទុះងើបឈរឡើងវិញ។ ឆ្លងកាត់ព្យុះភ្លៀងប្រវត្តិសាស្ត្រជាង៥០០០ឆ្នាំ អរិយធម៌ចិនមិនត្រឹមតែមិនរលាយបាត់បង់នោះទេ ប៉ុន្តែបានបន្សល់ទុកនូវមហាបេតិកភណ្ឌប្រកបដោយគោលគំនិតគ្រឹះ ចំនួន៥យ៉ាង ដែលកំពុងក្លាយជាត្រីវិស័យ និងពុទ្ធិមិនចេះរីងស្ងួតសម្រាប់តម្រង់ទិសដៅអភិបាលកិច្ចសកលនាពេលបច្ចុប្បន្នរួមមាន៖

១. និរន្តរភាពនៃមរតកវប្បធម៌ ដែលត្រូវបានផ្ទេរពីជំនាន់មួយទៅ ជំនាន់មួយដោយឥតដាច់។
២. នវានុវត្តភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របតាមចរន្តនៃសម័យកាល។
៣. ឯកភាពរួមនៃអរិយធម៌ ដែលជាស្មារតីរួមរបស់ប្រជាជាតិទាំងមូល។
៤. បរិយាបន្នប្រកបដោយភាពបើកចំហ ដែលជាចលករនៃសន្តិភាពវប្បធម៌។
៥. សុខដុមនីយកម្ម និងសន្តិភាព ដែលជាស្នូលនៃកិច្ចសម្របសម្រួលសកល។

ក្នុងន័យនេះ អាថ៌កំបាំងពិតនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនមែនជាការបោះបង់អតីត កាលនោះទេ ប៉ុន្តែគឺការផ្អែកលើ បដិសំយោគវិចារវិទ្យា ដើម្បីដកស្រង់នូវ «ប្រាជ្ញាញាណពីដូនតា» មកបំភ្លឺជាពន្លឺនៃសម័យកាល និងបំប្លែងទៅជាការច្នៃប្រឌិតជាក់ស្តែង ដើម្បីរួមគ្នាស្ថាបនាបណ្តាញសកល សម្រាប់ការសន្ទនាបើកចំហ និងកិច្ចសហប្រតិបត្តិការអន្តរអរិយធម៌។

* ទំនាក់ទំនងកម្ពុជា-ចិន៖ ឫសគល់ប្រវត្តិសាស្ត្រ និងតថភាពការទូតក្នុងខួបទី៦៨ឆ្នាំ នាពាក់ កណ្តាលឆ្នាំ២០២៦

នៅពេលយើងពិនិត្យមើលលើសសរស្តម្ភទាំងនេះ គេឃើញយ៉ាងច្បាស់នូវភាពស៊ីសង្វាក់គ្នាយ៉ាង ឥតខ្ចោះជាមួយនឹងស្មារតី និងតថភាពនៃទំនាក់ទំនងកម្ពុជា-ចិន។ ក្នុងនាមជាម្ចាស់នៃអរិយធម៌អាស៊ី ដែលមានអាយុកាលរាប់សតវត្សរ៍ដ៏រុងរឿង ទំនាក់ទំនងនៃប្រទេសទាំងពីរមានឫសគល់យ៉ាងជ្រៅ តាំង ពីជាងពីរពាន់ឆ្នាំមុនមកម៉្លេះ ដូចដែលមានភស្តុតាងក្នុងកំណត់ត្រាសតវត្សទី៣ របស់លោក កាំង ថៃ (Kang Tai) និងលោក ឈូ យីង (Zhu Ying) បេសកជននៃរាជវង្សអ៊ូខាងកើត មកកាន់អាណាចក្រភ្នំ (ហ្វូណន) និងបន្តរហូតដល់កំណត់ត្រាដ៏ល្បីល្បាញរបស់លោក ជីវ តាក្វាន់ ក្នុងសតវត្សទី១៣ នាសម័យអង្គរ។

រហូតមកដល់ ខែមិថុនា ឆ្នាំ២០២៦ នេះ មិត្តភាពដែកថែបកម្ពុជា-ចិន មិនត្រឹមតែរក្សាបាននូវ ភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានឈានដល់កម្រិតកំពូលថ្មីមួយទៀត ក្នុងខណៈដែលប្រទេសទាំងពីរនៅ ខែក្រោយនេះនឹងឈានចូលដល់ ខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំ នៃវឌ្ឍនភាពនៃទំនាក់ទំនងការទូតផ្លូវ ការ និងស្ថិតក្រោមស្មារតីនៃ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤-២០២៦»។ តម្លៃនៃការឆ្លុះបញ្ចាំងជាក់ស្តែងនៃ GCI និងការទូតយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ត្រូវបានស្តែងឡើង យ៉ាងច្បាស់ តាមរយៈចំណុចគន្លឹះសំខាន់ៗចំនួន៣៖

១. ការគោរពគ្នាទៅវិញទៅមក និង អធិបតេយ្យភាពប្រកបដោយភាពប្រាកដនិយម (Pragmatic Sovereignty) ពោលគឺ ទាំងកម្ពុជា និងចិន បានបង្ហាញទៅកាន់ពិភពលោកនូវគំរូនៃ ទំនាក់ទំនងរវាងប្រទេសពីរដែលខុសគ្នា ដោយឈរលើសមភាព ភាពស្មោះត្រង់ និងការគាំទ្រគ្នាទៅវិញ ទៅមកលើផលប្រយោជន៍ស្នូល។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជា ទំនុកចិត្ត នយោបាយកម្រិតខ្ពស់ត្រូវបានពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតដឹកនាំកំពូល និងការសម្របសម្រួលគោលនយោបាយយ៉ាងជិតស្និទ្ធ។

២. ការអភិរក្សនិងការច្នៃប្រឌិតថ្មីនៃបេតិកភណ្ឌ គឺចិននៅតែបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រ ឈានមុខក្នុងការជួយកម្ពុជាការពារ និងជួសជុលប្រាសាទបុរាណនានា។ កិច្ចសហប្រតិបត្តិការនេះមិន ត្រឹមតែជាការផ្ទេរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការវាយតម្លៃខ្ពស់ និងការគោរពជាសកលដល់ដួង ព្រលឹងអរិយធម៌ខ្មែរ ដែលស្របគ្នាទៅនឹងគោលការណ៍គ្រឹះនៃមរតកវប្បធម៌របស់ GCI។

៣. ការបើកចំហដួងចិត្ត និងការតភ្ជាប់ជាក់ស្តែងនិយម ដែលបានបង្ហាញតាមរយៈការសម្រេច ចិត្តជាយុទ្ធសាស្ត្រក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនកាន់លិខិតឆ្លងដែនធម្មតា រួម ផ្សំនឹងការជំរុញជើងហោះហើរត្រង់ និងការបើកទូលាយច្រករបៀងដឹកជញ្ជូន ឡូជីស្ទីក តភ្ជាប់តំបន់ ដូចជាច្រករបៀងកម្ពុជា-ឡាវ-ចិន បានក្លាយជាកាតាលីករដ៏មានឥទ្ធិពល។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ យន្តការនេះបានប្រែក្លាយទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរឱ្យកាន់តែរស់រវើកតាម រយៈការផ្លាស់ប្តូររបស់ធុរជន អ្នកសិក្សាស្រាវជ្រាវ យុវជន និងសិល្បករ មកដកស្រង់បទពិសោធន៍ និងសិក្សាស្វែងយល់ពីអរិយធម៌ទៅវិញទៅមក ពីកម្រិតរដ្ឋនិងរដ្ឋ ទៅជាកម្រិតដួងចិត្តនិងដួងចិត្តរបស់ ប្រជាជនយើងទាំងពីរ។

ជារួមមិត្តភាពដែកថែបកម្ពុជា-ចិន មិនមែនកើតឡើងដោយចៃដន្យ ឬដោយសារតែផល ប្រយោជន៍សេដ្ឋកិច្ចមួយពេលនោះទេ។ មិត្តភាពនេះត្រូវបានកសាងឡើងនៅលើគ្រឹះដ៏រឹងមាំនៃការជឿ ទុកចិត្តគ្នាផ្នែកនយោបាយកម្រិតខ្ពស់បំផុត និង ការយោគយល់គ្នានៃអរិយធម៌ដែលបានចាក់ឫសយ៉ាង មាំមួនឆ្លងកាត់ពេលវេលា៦៨ឆ្នាំមកនេះ។ នៅក្នុងដំណើរឆ្ពោះទៅមុខនាពាក់កណ្តាលឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌនៃយន្តការកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Diamond Cooperation Framework) និងការលេចចេញនូវសមិទ្ធផលជាក់ស្តែងនៃច្រករបៀងមហិមាតភ្ជាប់តំបន់ ការកសាងសហគមន៍ជោគ វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានថាមវន្តបំផុត។ ការរួមគ្នាចាប់យកនិងលើកកម្ពស់គំនិតផ្តួចផ្តើមអរិយធម៌សកលនេះ នឹងមិនត្រឹមតែជាកម្លាំងចលករ ជម្រុញទំនើបកម្មនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីកម្មបង្ហាញទៅកាន់ពិភពលោកថា ភាពខុសគ្នានៃ អរិយធម៌មិនមែនជាឧបសគ្គឡើយ ដរាបណាប្រជាជាតិទាំងឡាយជ្រើសរើសដើរលើមាគ៌ានៃការគោរពសុខដុមនីយកម្ម និងការអភិវឌ្ឍរួមប្រកបដោយនិរន្តរភាព៕