World Cup 2026៖ អាល្លឺម៉ង់ បំបាក់កូរ៉ាសៅ ៧-១ មុនពេលហូឡង់ និងជប៉ុន បើកឆាកស្មើគ្នា ២-២

15-06-2026 07:27

(បរទេស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យកាល បានបំបាក់គូប្រជែងកូរ៉ាសៅ ដោយលទ្ធផល ៧-១ នៅពេលក្រុមអាស៊ីទី៤ សាម៉ូរៃខៀវជប៉ុនលេងស្នើ ២-២ ទល់នឹងហូឡង់ ពី១ប្រកួតបើកឆាក World Cup 2026 របស់ពួកគេយប់មិញ។

នេះមានន័យថា អាល្លឺម៉ង់ជើងឯក World Cup ចុងក្រោយកាលឆ្នាំ២០១៤ នៅប្រេស៊ីល រកបាន ៣ពិន្ទុឡើងទៅឈរកំពូលតារាងនៃពូល E បណ្តោះអាសន្ន ក្រោយបំបាក់ក្រុមប្រទេសតូចជាងគេកូរ៉ាសៅ ក្នុងចំណោម ៤៨ក្រុមនៅ World Cup លើកទី២៣ ជាមួយនឹងរយៈពេលប្រកួត ៣៩ថ្ងៃ។

ចំណែកឯគូប្រកួតទី១០ ក្នុងចំណោម ១០៤ប្រកួតសរុបនាយប់មិញនេះដែរ ជប៉ុនបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ជាមួយមច្ចុរាជទឹកក្រូចហូឡង់ និងក្នុងនាមជាក្រុមចេញពីអាស៊ីទី៤ ដែលលេងនៅ World Cup 2026 មិនទាន់ចាញ់ផងដែរ ក្រៅពីស្មើ២ និងឈ្នះ២ មានដូចជា កូរ៉េខាងត្បូង កាតា និងអូស្រ្លាលី៕