វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

15-06-2026 08:37

(ភ្នំពេញ)៖ វិស័យកសិកម្ម គឺជាគ្រឹះស្ថាននៃអរិយធម៌របស់មនុស្សជាតិ។ វិស័យនេះផ្តល់អាហារចិញ្ចឹមមនុស្សរាប់ពាន់លាននាក់ ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ និងជាសសរស្តម្ភនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន។

រាល់អាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ គឺជារំលឹកដាស់តឿនអំពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់កសិករ ក្នុងការទប់ទល់ និងជ្រោមជ្រែងសង្គមជាតិ។

ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្មកំពុងស្ថិតនៅចំកណ្តាលនៃប្រឈមដ៏ធំបំផុតមួយរបស់មនុស្សជាតិ នោះគឺការប្រែប្រួលអាកាសធាតុ។

កសិកម្មដើរតួជាទាំង «ជនរងគ្រោះ» និងជា «អ្នករួមចំណែក» ដល់ការប្រែប្រួលអាកាសធាតុ។ កំណើនកម្តៅភពផែនដី ការប្រែប្រួលរបបទឹកភ្លៀង គ្រោះរាំងស្ងួតអូសបន្លាយ គ្រោះទឹកជំនន់ រលកកម្តៅ និងការរីករាលដាលកាន់តែខ្លាំងនៃសមាសភាពសត្វល្អិតចង្រៃ និងជំងឺរុក្ខជាតិ កំពុងតែជះឥទ្ធិពលដល់កសិករនៅជុំវិញពិភពលោក។

ក្នុងពេលជាមួយគ្នានេះ សកម្មភាពកសិកម្មក៏បានរួមចំណែកដល់ការភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្លាស់ប្តូរការប្រើប្រាស់ដីធ្លី ការចិញ្ចឹមសត្វ ការប្រើប្រាស់ជីគីមី ការធ្វើកសិកម្មស្រូវ និងកាកសំណល់កសិកម្មផងដែរ។

បញ្ហាប្រឈមទ្វេដងនេះ បានធ្វើឱ្យសកម្មភាពអាកាសធាតុនៅក្នុងវិស័យកសិកម្ម មិនត្រឹមតែជារឿងចាំបាច់នោះទេ ប៉ុន្តែវាជារឿងបន្ទាន់ដែលត្រូវដោះស្រាយ។

គោលដៅគឺ ផលិតស្បៀងអាហារឱ្យបានគ្រប់គ្រាន់សម្រាប់តម្រូវការប្រជាជនសកលលោកដែលកំពុងតែកើនឡើង ព្រមទាំងកាត់បន្ថយការភាយឧស្ម័ន និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

សកម្មភាពអាកាសធាតុដ៏សំខាន់បំផុតមួយក្នុងវិស័យកសិកម្ម គឺការលើកកម្ពស់គុណភាពដី។ ដីដែលមានគុណភាពល្អ មិនមែនគ្រាន់តែជាមជ្ឈដ្ឋានសម្រាប់ដាំដុះដំណាំប៉ុណ្ណោះទេ។ វាគឺជាប្រព័ន្ធអេកូឡូស៊ីដែលមានជីវិត ដែលជួយរក្សាទុកជាតិកាបូន រក្សាទឹក និងទ្រទ្រង់ជីវចម្រុះ។

ការអនុវត្តបច្ចេកទេស ដូចជា ការផ្លាស់ប្តូរមុខដំណាំ (ការបង្វិលដំណាំ) ការដាំដំណាំគ្របដណ្តប់ដី ការកាត់បន្ថយការភ្ជួររាស់ ការប្រើប្រាស់ជីកំប៉ុស្ត និងការបង្កើនសារធាតុសរីរាង្គក្នុងដី នឹងជួយបង្កើនជីជាតិដី ព្រមទាំងបង្កើនសមត្ថភាពរបស់ដីក្នុងការស្រូប និងរក្សាទុកជាតិកាបូនពីបរិយាកាស។

ការគ្រប់គ្រង និងប្រើប្រាស់ជីឱ្យមានប្រសិទ្ធភាព ក៏ជាសកម្មភាពអាកាសធាតុដ៏សំខាន់មួយទៀតដែរ។

ជី គឺចាំបាច់ណាស់សម្រាប់ផលិតកម្មដំណាំ ប៉ុន្តែការប្រើប្រាស់ហួសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស អាចបញ្ចេញឧស្ម័ននីត្រឹសអុកស៊ីត (Nitrous Oxide) ដែលជាឧស្ម័នផ្ទះកញ្ចក់មានអានុភាពបំផ្លាញខ្លាំងជាងឧស្ម័នកាបូនិកឆ្ងាយណាស់។

ការប្រើប្រាស់ជីចំប្រភេទ ក្នុងកម្រិតបរិមាណត្រឹមត្រូវ ចំពេលវេលា និងចំទីកន្លែង នឹងជួយជំរុញទិន្នផលដំណាំឱ្យដល់កម្រិតអតិបរមា ព្រមទាំងកាត់បន្ថយការភាយឧស្ម័ន និងផលប៉ះពាល់ដល់បរិស្ថានក្នុងកម្រិតអប្បបរមា។ ការគ្រប់គ្រងទឹកក៏ដើរតួនាទីយ៉ាងធំធេងផងដែរ។

ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យប្រភពធនធានទឹកកាន់តែមានភាពមិនប្រាកដប្រជា និងពិបាកប៉ាន់ស្មាន។ ប្រព័ន្ធស្រោចស្រពដែលមានប្រសិទ្ធភាព ការអនុវត្តការសន្សំសំចៃទឹក ការប្រមូលរក្សាទុកទឹកភ្លៀង និងវិធីសាស្ត្រធ្វើកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ អាចជួយកសិករឱ្យបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

ការធ្វើកសិកម្មស្រូវ ដែលជាប្រភពចំណូល និងស្បៀងរបស់ប្រជាជនរាប់លាននាក់នៅទូទាំងតំបន់អាស៊ី គឺបង្កជាបញ្ហាប្រឈមផង និងផ្តល់ឱកាសផង។

ជាប្រពៃណី ការធ្វើស្រែដក់ទឹកអាចបង្កើតឱ្យមានការភាយឧស្ម័នមេតាន (Methane)។ ប៉ុន្តែ បច្ចេកទេសកសិកម្មថ្មីៗ រួមទាំងការគ្រប់គ្រងទឹកឱ្យបានល្អប្រសើរ និងការអនុវត្តបច្ចេកទេសគ្រងទឹកតាមបែប «ស្រពាប់ និងជោក» (Alternate Wetting and Drying - AWD) អាចកាត់បន្ថយការភាយឧស្ម័នបានយ៉ាងច្រើន ដោយនៅតែរក្សាបាននូវផលិតភាពខ្ពស់។

សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម ក៏ទាមទារឱ្យមានការគ្រប់គ្រងថ្នាំកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត) ដោយការទទួលខុសត្រូវផងដែរ។

ការពឹងផ្អែកខ្លាំងពេកលើថ្នាំកសិកម្មគីមី អាចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ធ្វើឱ្យប៉ះពាល់ដល់សត្វល្អិតដែលមានប្រយោជន៍ និងកាត់បន្ថយជីវៈចម្រុះ។ ការគ្រប់គ្រងសមាសភាពសត្វល្អិតចង្រៃតាមវិធីសមាហរណកម្ម (Integrated Pest Management - IPM) ការកម្ចាត់សត្វល្អិតតាមបែបជីវសាស្ត្រ និងបច្ចេកទេសកសិកម្មឆ្លាតវៃអាកាសធាតុ អាចជួយកសិករក្នុងការការពារដំណាំ ព្រមទាំងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ផលិតកម្មសត្វ (ការចិញ្ចឹមសត្វ) ក៏ជាវិស័យមួយទៀតដែលសកម្មភាពអាកាសធាតុមិនអាចខ្វះបាន។ ការកែលម្អអាហារូបត្ថម្ភរបស់សត្វ ការគ្រប់គ្រងលាមកសត្វឱ្យបានល្អប្រសើរ និងការអនុវត្តការឃ្វាលសត្វប្រកបដោយចីរភាព អាចកាត់បន្ថយការភាយឧស្ម័នមេតាន ព្រមទាំងបង្កើនផលិតភាព និងប្រាក់ចំណេញសម្រាប់កសិករ។ ប៉ុន្តែ សកម្មភាពអាកាសធាតុដែលមានឥទ្ធិពលបំផុតមួយក្នុងវិស័យកសិកម្ម គឺការការពារ និងការដាំដើមឈើឡើងវិញ។

ដើមឈើដែលបានដាំនៅក្នុងកសិដ្ឋាន ជុំវិញវាលស្រែចម្ការ តាមដងទន្លេ និងនៅក្នុងប្រព័ន្ធកសិកម្មទាំងមូល ជួយផ្តល់ម្លប់ ការពារការច្រោះដី បង្កើនការរក្សាទឹកក្នុងដី លើកកម្ពស់ជីវចម្រុះ និងស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស។

ប្រព័ន្ធកសិ-រុក្ខកម្ម (Agroforestry) ដែលជាការរួមបញ្ចូលគ្នារវាងការដាំដើមឈើ ដំណាំ និងការចិញ្ចឹមសត្វ កំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជាការអនុវត្តកសិកម្មឆ្លាតវៃអាកាសធាតុដ៏មានប្រសិទ្ធភាពបំផុតមួយ។

សម្រាប់ប្រទេសនានា ដូចជាកម្ពុជា ដែលវិស័យកសិកម្មនៅតែជាប្រភពការងារ និងចំណូលដ៏សំខាន់ សកម្មភាពអាកាសធាតុក្នុងវិស័យនេះ ផ្តល់ឱកាសក្នុងការបង្កើនផលិតភាព ព្រមទាំងការពារធនធានធម្មជាតិក្នុងពេលតែមួយ។

កសិករ ស្ថិតក្នុងចំណោមអ្នកដំបូងគេដែលរងគ្រោះដោយផ្ទាល់ពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ។ ពួកគេយល់ច្បាស់ជាងនរណាៗទាំងអស់ថា ដីដែលមានគុណភាពល្អ ទឹកស្អាត ធាតុអាកាសដែលមានលំនឹង និងប្រព័ន្ធអេកូឡូស៊ីដែលមានផលិតភាព គឺជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យនៃការធ្វើកសិកម្ម។

ដូច្នេះ ការគាំទ្រកសិករតាមរយៈការផ្តល់ចំណេះដឹង បច្ចេកវិទ្យា ហិរញ្ញប្បទាន និងការទទួលបាននូវការអនុវត្តកសិកម្មឆ្លាតវៃអាកាសធាតុ គឺជាការវិនិយោគលើសន្តិសុខស្បៀងជាតិ និងភាពធន់នៃសេដ្ឋកិច្ច។

សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម មិនមែនជាការទទួលខុសត្រូវរបស់កសិករតែម្នាក់ឯងនោះទេ។ រដ្ឋាភិបាល គ្រឹះស្ថានស្រាវជ្រាវ អាជីវកម្ម អ្នកប្រើប្រាស់ និងសហគមន៍ទាំងអស់ សុទ្ធសឹងតែមានតួនាទីសំខាន់រៀងៗខ្លួន។

គោលនយោបាយដែលលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយចីរភាព ការវិនិយោគលើការបង្កើតថ្មីផ្នែកកសិកម្ម និងការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ប្រកបដោយចីរភាព អាចជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកសិកម្មឆ្លាតវៃអាកាសធាតុ។

អនាគតនៃវិស័យកសិកម្ម ត្រូវតែតម្រង់ទិសដោយគោលការណ៍សាមញ្ញមួយ៖ «ផលិតឱ្យបានកាន់តែច្រើន ដោយបង្កផលប៉ះពាល់ដល់បរិស្ថានកាន់តែតិច»។

ពិភពលោកនឹងត្រូវការស្បៀងអាហារកាន់តែច្រើននៅក្នុងទសវត្សរ៍ខាងមុខ ប៉ុន្តែក៏ត្រូវការខ្យល់អាកាសដែលស្អាតជាងមុន ដីដែលមានសុខភាពល្អជាងមុន ប្រភពទឹកដ៏សម្បូរបែប និងអាកាសធាតុដែលមានលំនឹងផងដែរ។ គោលដៅទាំងនេះមិនមែនជារឿងដែលផ្ទុយគ្នានោះឡើយ។ នៅពេលដែលវិស័យកសិកម្មត្រូវបានគ្រប់គ្រងដោយភាពឆ្លាតវៃ វានឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ជាជាងការធ្វើជាផ្នែកមួយនៃបញ្ហា។

កសិករតែងតែធ្វើការងារដោយផ្សារភ្ជាប់ និងសហការជាមួយធម្មជាតិជានិច្ច។ សកម្មភាពអាកាសធាតុ គឺការប្រឹងប្រែងពង្រឹងភាពជាដៃគូនោះឡើងវិញ ដើម្បីធានាថាវិស័យកសិកម្មនឹងបន្តចិញ្ចឹមមនុស្សជាតិ ព្រមទាំងការពារភពផែនដីដែលជាអ្នកបង្កើតរាល់រដូវប្រមូលផលទាំងអស់។

តាមរយៈការចាប់យកកសិកម្មឆ្លាតវៃអាកាសធាតុនៅថ្ងៃនេះ យើងមិនត្រឹមតែអាចដាំដុះភោគផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាងអនាគតមួយដែលមានភាពធន់ វិបុលភាព និងចីរភាពសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផងដែរ៕