គ.ជ.ប ត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនិយាយភាសាបារាំង លើកិច្ចការរៀបចំការបោះឆ្នោតដោយជោគជ័យ
15-06-2026 09:11
(ភ្នំពេញ)៖ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប. ) កម្ពុជា បានក្លាយជាសមាបជិកពេញសិទ្ធិនៃបណ្តាញលើកកម្ពស់សមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាភាសាបារាំង (RECEF) វិធានផ្ទៃក្នុង Recef តម្រូវឱ្យសមាជិកអនុវត្តកិច្ចការជាចាំបាច់។
លោក ឌឹម សុ វណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកVIP បានឱ្យដឹងថា ក្នុងសន្និបាតលើកនេះមានតំណាងចូលរួម ២៥ប្រទេស(ឆ្នាំមុនតែ ២០ប្រទេស) បានបោះឆ្នោតជ្រើសរើសប្រធានប្តូរវេនថ្មី១រូប មានអាណត្តិ ២ឆ្នាំ គឺលោក Biram Sene អ្នកច្បាប់ និងជាអគ្គនាយករៀបចំការបោះឆ្នោតនៃក្រសួងមហាផ្ទៃ ប្រទេសសេនេហ្កាល់ (ជំនួសឱ្យប្រធានប្តូរវេនដែលចប់អាណត្តិ គឺលោក Mathias Barthelemy Morouba ប្រធាន គ.ជ.ប. អាហ្វ្រិកកណ្តាល)។
សន្និសីទសារព័ត៌មានស្តីពីភាពចាំបាច់នៃការចូលរួមរបស់ គ.ជ.ប កម្ពុជា ក្នុងសិក្ខាសាលា និងមហាសន្និបាតប្រចាំឆ្នាំ ឆ្នាំ២០២៦ របស់បណ្តាញពង្រឹងសមត្ថ ភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) បន្ទាប់ពីការចូលរួមក្នុងសិក្ខាសាលា និងសន្និបាតប្រចាំឆ្នាំឆ្នាំ២០២៦ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង (RE CEF) ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណាមៀរ ខេត្តវ៉ាឡូនី ព្រះរាជាណាចក្រប៊ែលហ្ស៊ិក តាមការចាត់តាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈប្រតិភូ គ.ជ.ប។
លោកបានបញ្ជាក់ថា រយៈពេល ៤ថ្ងៃនៃសិក្ខាសាលា និងសន្និបាតនេះ សមាជិកពេញសិទ្ធិ RE CEF មកពី២៥ប្រទេសបានចែករំលែកបទពិសោធន៍ជាតិពិសេសលើប្រធានបទ «ការរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយបរិយាបន្ន សុក្រឹតភាព ភាពពេញលេញ និងបច្ចេកវិទ្យាខ្ពស់»។
លោក ឌឹម សុ វណ្ណារុំ បានឱ្យដឹងថា បោះឆ្នោតជ្រើសរើសមន្ត្រីរដ្ឋបាល ១រូប គឺលោក Alexandre Schulz អនុប្រធានការិយាល័យរៀបចំការបោះឆ្នោតនយោបាយ នៃក្រសួងមហាផ្ទៃបារាំង ឆ្នាំ ២០២៦នេះ មិនមាន គ.ជ.ប នៃប្រទេសនិយាយភាសាបារាំង ស្នើសុំចូលរួមជាសមាជិកថ្មីទេ តែ គ.ជ.ប Luxem bourg បានចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ ដើម្បីត្រៀមខ្លួនរៀបចំចូលជាសមាជិកពេញសិទ្ធថ្មីរបស់បណ្តាញនៅឆ្នាំបន្ទាប់។ ឆ្នាំ២០២៦នេះ ប្រធានបទនៃសិក្ខាសាលាគួរឱ្យចាប់អារម្មណ៍ដោយត្រូវនឹងកិច្ចការប្រចាំរបស់ គ.ជ.ប កម្ពុជា គឺការធ្វើបច្ចប្បន្នភាពបញ្ជីបោះឆ្នោត ហើយឆ្នាំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ លោក ឌឹម សុ វណ្ណារុំ បានថ្លែងថា សមាជិកចូលរួមទាំង ២៥លើ សមាជិកសរុប ៣៧ប្រទេសសុទ្ធតែបានលើកឡើង និងឯកភាពគ្នាថា ការចុះឈ្មោះបោះឆ្នោតគឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ។ ការរៀបចំបញ្ជីបោះឆ្នោតមួយបានល្អ គឺទទួលបានការជឿទុកចិត្តពីម្ចាស់ឆ្នោត គាំទ្រដល់ភាពស្របច្បាប់នៃស្ថាប័នរៀបចំការបោះឆ្នោត និងបញ្ចៀសបានវិបត្តនយោបាយក្នុងពេលបោះឆ្នោត។ ជារួមប្រទេសប្រកាន់របបប្រជាធិបតេយ្យមានលក្ខណៈមិនខុសគ្នាទេ ចំពោះការរៀបចំបញ្ជីឈ្មោះបោះឆ្នោតមួយ ប៉ុន្តែ គ្រាន់តែរបៀបនៃការធ្វើ និងកាលបរិច្ឆេទមិនដូចគ្នា។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់ថា វាជាមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាបានស្គាល់មហាវិនាសសកម្មនៃរបបអាវខ្មៅមកធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងបានហើយនៅក្រោយការបោះឆ្នោត កម្ពុជាបន្តដំណើរជាតិកម្ពុជារបស់ខ្លួនតទៅទៀត គ្មានហិង្សានយោបាយ ភាគីឯកភាពទទួលយកលទ្ធផលនៃការបោះឆ្នោត ពេលលោកលើកឡើងបែបនឹងនៅច្រើនវេទិកាក្រៅប្រទេសគេកោតសរបសើរកម្ពុជា។
ទន្ទឹមនេះលោក ឌឹម សុវណ្ណារុំ បានបន្តថា៖ «មួយវិញទៀត ក៏ចង់បង្ហាញការពិតពីកម្ពុជា ពីព្រោះអ្វីដែលមាននៅលើទំព័រសារព័ត៌មាន តើវាដូចការពិតជាក់ស្តែងដែរឬទេ ហើយបើមានការលើកឡើងខុសពីការពិតពាក់ព័ន្ធនឹងការបោះឆ្នោត យើងមានកាតព្វកិច្ចត្រូវបំភ្លឺ ដោយមិនទុកឱ្យគេចោទប្រកាន់យើង ទាំងយើងមិនដឹងខ្លួនបើមិនបានចូលរួម។ ជាងនេះទៀត សមាជិក Recef ក៏បានស្នើដល់ គ.ជ.ប កម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនិងសន្និបាតប្រចាំឆ្នាំប្តូរវេន ដែលនេះក៏ជាបង្អួចដែលត្រូវបើកស្វាគមន៍នៅវេលាសមស្រប»។
លោក ឌឹម សុ វណ្ណារុំ បានរំលេចថា ពិភពលោកលែងមានជញ្ជាំង បើទោះបីសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នច្របូកច្របល់យ៉ាងណាក៏ដោយ អ្វីៗពី ១ថ្ងៃទៅ ១ថ្ងៃកាន់តែវិវត្តន៍យើងក៏ត្រូវតាមឱ្យទាន់ដែរ ដូចគេលើកឡើងពីការប្រើប្រាស់ឧស្សាហកម្ម 4.0 គឺ IT ជាជំនួយក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ជារួមសិទ្ធិបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។
លោក ឌឹម សុ វណ្ណារុំ បានថ្លែងថា ចំពោះកម្ពុជា សិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ប៉ុន្តែច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តតម្រូវឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្មោត ទើបអាចបោះឆ្នោតបាន។ រឿងនេះ ក៏មិនមែនជារឿងដោយឡែក ហើយប្រទេសគេដទៃដូចបានរៀបរាប់ខាងលើក៏ធ្វើដូចគ្នាដែរ។
លោក ឌឹម សុ វណ្ណារុំ ថាបញ្ជីឈ្មោះបោះឆ្នោតមួយដែលល្អនឹងធានាបានភាពជឿជាក់ពីម្ចាស់ឆ្នោត ភាពស្មើគ្នានៃសិទ្ធរបស់ប្រជាពលរដ្ឋគ្រប់រូប តម្លាភាព ភាពមិនលម្អៀងនៃស្ថាប័នរៀបចំកាបោះឆ្នោតដែលត្រូវទទួលការវាយតម្លៃនូវភាពស្របច្បាប់របស់ខ្លួនពីម្ចាស់ឆ្នោត គណបក្សនយោបាយ និងគ្រប់តួអង្គដែលពាក់ព័ន្ធនឹងការបោះឆ្នោត។
ក្នុងន័យនេះ ព្រឹត្តិការណ៍ប្រចាំឆ្នាំនៅកម្ពុជា គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្មោត ក្នុងនាមជាសមាជិក គជប លោក ឌឹម សុវណ្ណារុំ បានអំពាវនាវ ប្រជាពលរដ្ឋខ្មែរ ឆ្លៀតពេលចូលរួមឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦៕




