លោក ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលជនបង្គោលលើ ការងារមហាជនក្រុង-ស្រុក និងឃុំ-សង្កាត់ នៃគណៈកម្មាធិការគណបក្សខេត្តកណ្តាល
15-06-2026 10:04
(កណ្ដាល)៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាតំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនក្រុង-ស្រុក និង ឃុំ-សង្កាត់ នៃគណៈកម្មាធិការគណបក្សខេត្តកណ្តាល»។
ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ១,០២១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។
ជាកិច្ចចាប់ផ្តើម លោក គួច ចំរើន ប្រធានគណៈចលនាមហាជនខេត្តកណ្តាល បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ លោកបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ ដោយមានការស្នើសុំបន្ថែមសមាសភាពពីរចនាសម្ព័ន្ធមូលដ្ឋាន រហូតទៅ១៨១រូបផងដែរ។
ជាមួយគ្នានេះ លោកបានបន្តទៀតថា ជនបង្គោលលើការងារមហាជនទាំងអស់ ដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ នឹងបានយល់ដឹងច្បាស់ពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន និងក្រុមចលនាមហាជន យកទៅអនុវត្តការងារនៅតាមមូលដ្ឋាន បានកាន់តែប្រសើរឡើងថែមទៀត។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន១,០២១រូប ដោយបែងចែកជា ១៤វគ្គ សម្រាប់ ខេត្តកណ្តាល។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល មួយថ្ងៃពេញ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១៖ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន, ទី២៖ វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍, ទី៣៖ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្ត្រផ្សព្វផ្សាយ និងទី៤៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធផលសម្រេចបានរបស់ រាជរដ្ឋាភិបាល។
ជនបង្គោលដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់ សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន៕
























