សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ ផ្ដោតលើគុណភាព ការរៀបចំគ្រូ និងមេរៀនឲ្យបានច្បាស់ គ្រប់ការបណ្ដុះបណ្ដាល (Video inside)

15-06-2026 11:38

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់ ផ្ដោតលើគុណភាព ការរៀបចំគ្រូ និងមេរៀនឲ្យបានច្បាស់លាស់ គ្រប់ការបណ្ដុះបណ្ដាលទាំងអស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រៀនត្រូវរៀបចំគ្រូឲ្យប្រាកដ និងមេរៀនឲ្យចំ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា បើគ្រូមិនប្រាកដទេ សិស្សចេញទៅក៏មិនប្រាកដដូចគ្នា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបណ្តុះបណ្តាលទាំងអស់សូមកុំឲ្យមានតែរូបភាព សូមកុំឲ្យមានតែបរិមាណ តែត្រូវយកចិត្តទុកដាក់លើគុណភាព ព្រោះគុណភាពនេះធ្វើឲ្យទាក់ទាញការរៀនសូត្របន្ថែម។

សម្តេចធិបតី បានកត់សម្គាល់ ២ចំណុចថា ទី១ បើសិស្សទៅរៀនហើយអត់ចេះដដែល ថ្ងៃក្រោយគ្មាននរណាទៅរៀនទេ អីចឹងត្រូវផ្តោតលើគុណភាព ការរៀបចំគ្រូ និងមេរៀនឲ្យបានច្បាស់ ខណៈទី២ ត្រូវគ្រប់គ្រងវិន័យឲ្យបានច្បាស់ ចូលមករៀន រៀនឲ្យគ្រប់ម៉ោង យ៉ាងហោចណាស់អប្បបរមា។

សម្តេចធិបតី បានបន្តថា «បើរៀនហើយមិនចេះដដែល ហើយរៀនហើយមិនប្រាកដថាអាចអីចឹង (អត់) តម្លៃ ហើយឪពុកម្តាយគេ ក៏មិនឲ្យមករៀនដែរ។ ប៉ុន្តែ បើរៀនហើយ ក្នុង ១០០នាក់ បាន ៧០នាក់ ៨០នាក់ គាត់អាចមានសមត្ថភាព ហើយក្នុង ២០នាក់ គាត់អត់បានការងារក៏ដោយប៉ុន្តែអាចចេះយល់ដឹងបានប្រយោជន៍ អាហ្នឹងគាត់ប្រាកដជាមករៀនហើយ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងការបណ្តុះបណ្តាល ត្រូវត្រៀមគ្រូឲ្យច្បាស់ គ្រូឲ្យប្រាកដ មេរៀនឲ្យចំ […] មុនគេ ត្រូវធានាគុណភាពគ្រូ បើគ្រូមិនប្រាកដទេ សិស្សតែមិនប្រាកដទៀត»

រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យបានប្រមាណ ១,៥ លាននាក់ នៅទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយមិនបង់ថ្លៃ។

ដើម្បីជ្រើសរើសវគ្គសិក្សា ឬស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ តម្រូវការ និងទីតាំងផ្តល់ការបណ្តុះបណ្តាល អ្នកអាចចូលទៅកាន់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬគេហទំព័រផ្លូវការរបស់កម្មវិធីបណ្តុះបណ្តាល TVET ៕