កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច-ធំ តាមមូលដ្ឋានចំនួន១២កន្លែង, រកឃើញ១កន្លែង ស្តុកផលិតផលនាំចូលពីថៃ

15-06-2026 13:38

(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយ កម្លាំងនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ, កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ, អគ្គនាយកដ្ឋាន ក.ប.ប ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច-ធំ ក្នុងមូលដ្ឋានចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា តាមរយៈប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ៣៥២ ផ្លូវ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទចំនួន ១.៦៤៧កេស ស្មើនឹង១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះ ទំនិញចំនួន១៧មុខ នាំចូលពីប្រទេសថៃ, ទំនិញ២មុខ គឺទឹកតែអូអ៉ិឈិចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្រោយការត្រួតពិនិត្យ និងក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង, កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។

នៅថ្ងៃដដែលនោះ រដ្ឋបាលខណ្ឌទាំង១៤ ក៏បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៨៨ទីតាំង តែមិនបានរកឃើញបទល្មើសអ្វីនោះទេ។

អ្នកនាំពាក្យបានបញ្ជាក់ថា លោក ឃួង ស្រេង បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃ ឱ្យបានម៉ត់ចត់ក្នុងករណីរកឃើញ ត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល? ចូលតាមច្រកណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូល ឬទេ? ហើយអ្នកណាជាអ្នកដឹកជញ្ជូន?។

អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនិងការងារចុះប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕