ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជួបសំណេះសំណាលជាមួយវិនិយោគិនម៉ាឡេស៊ី ដើម្បីពង្រីកឱកាសធុរកិច្ចនៅកម្ពុជា
15-06-2026 13:48
(គូឡាឡាំពួរ)៖ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាលជាមួយវិនិយោគិនម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ រៀបចំដោយ Dato’ Seri Syed Hussein Alhabshee សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ Citi University ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា។
វិនិយោគិនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានសមាសភាពចម្រុះ ដែលរួមមានតំណាងមកពីសភាពាណិជ្ជកម្មម៉ាឡេស៉ី វិនិយោគិនក្នុងវិស័យអប់រំ វិស័យឌីជីថលនិងបច្ចេកវិទ្យា វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។
ក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងបានលើកឡើងពីបរិយាកាសអំណោយផល ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដោយបានសង្កត់ធ្ងន់ថា កម្ពុជាមានអត្ថប្រយោជន៍ប្រកួតប្រជែងខ្ពស់ដោយសារមានកម្លាំងពលកម្មតម្លៃធូរថ្លៃ និងសម្បូរទៅដោយកម្លាំងយុវជនវ័យក្មេង ដែលជាចលករដ៏ស្វាហាប់សម្រាប់ការផលិត។
លើសពីនេះទៅទៀត លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលេចអំពីឱកាសយុទ្ធសាស្ត្រក្នុងបរិបទដែលព្រំដែនកម្ពុជា-ថៃត្រូវបានបិទ ដោយចាត់ទុកថាកត្តានេះបានបើកឱកាសដ៏ទូលំទូលាយក្នុងការជំរុញការផលិតនូវផលិតផលកូនខ្មែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយឯករាជ្យ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីឆន្ទៈក្នុងការស្វែងរកដៃគូវិនិយោគបរទេស ដើម្បីជួយគាំទ្រ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងអាចប្រកួតប្រជែងបានក្នុងតំបន់ផងដែរ។
ជំនួបសំណេះសំណាលនេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដែលសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសពីប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើននាពេលអនាគត៕




































