យុវជនពោធិ៍សាត់កុំខកខាន! ជំនាញ TVET គឺជាសោរទ្វារបើកផ្លូវទៅកាន់ការងារ និងប្រាក់ចំណូលសមរម្យ
15-06-2026 13:49
(ពោធិ៍សាត់)៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស វិស័យឯកជន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងយុវជនយ៉ាងច្រើនកុះករ។
លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក រុន សារី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ វិស័យឯកជន លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។ ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជាប្រចាំ នៅថ្ងៃទី១៥ ខែមិថុនា ក្នុងគោលបំណងដើម្បីលុបបំបាត់ការយល់ឃើញថា ការរៀនជំនាញបច្ចេកទេស សម្រាប់តែអ្នករៀនខ្សោយ ដោយបញ្ជាក់ថាវាជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ, បង្ហាញពីសារៈសំខាន់នៃការសិក្សាជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងជាវេទិកាជួបជុំគ្នារវាងសាលា និងនិយោជក ដើម្បីតភ្ជាប់ការសិក្សាទៅនឹងការងារជាក់ស្តែង។
លោកបន្តថា ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ឆ្នាំនេះ កម្មវិធីផ្តោតសំខាន់លើខ្សែសង្វាក់តម្លៃនៃ TVET គឺការសិក្សាដែលមានស្តង់ដារ និងការទទួលស្គាល់, ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការក្រុមហ៊ុន និងសហគ្រាស និងការមានជំនាញច្បាស់លាស់ នាំឱ្យមានស្ថិរភាពការងារ និងប្រាក់ចំណូលសមរម្យសម្រាប់ជីវភាព។ លោកនាយកវិទ្យាស្ថានបានបញ្ជាក់យ៉ាងខ្លីថា «រៀន TVET គឺរៀនដើម្បីឱ្យចេះធ្វើ និងមានការងារធ្វើភ្លាមៗ ហើយជំនាញឯកទេស គឺជាទ្រព្យជាប់ខ្លួនដ៏មានតម្លៃបំផុតសម្រាប់យុវជន»។
ក្នុងឱកាសនោះ លោក រុន សារី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖"រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាអាទិភាពខ្ពស់បំផុត។ ការអប់រំនេះមិនត្រឹមតែផ្តល់នូវចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញជាក់ស្តែងដែលទីផ្សារការងារត្រូវការ។ តាមរយៈការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា ជំនាញគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្លាស់ប្តូរជីវភាពគ្រួសារ ជំរុញផលិតភាពការងារ និងធានាបាននូវប្រាក់ចំណូលសមរម្យ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សូមឱ្យយុវជនគ្រប់រូប កុំមើលរំលងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រោះនេះជាផ្លូវកាត់ដ៏ខ្លីបំផុតឆ្ពោះទៅរកឱកាសការងារដ៏ល្អប្រសើរ។"
បន្ថែមពីលើសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី, លោក រុន សារី បានផ្តល់មតិផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស និងយុវជនថា ការជ្រើសរើសជំនាញបច្ចេកទេស គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសម្រាប់អនាគត។ សូមក្មួយៗខិតខំរៀនសូត្រ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាប្រទេសជាតិទាំងមូល។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវយ៉ាងទទូចដល់ក្មួយៗយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មនៅក្នុង “ចលនាដាំដើមឈើ” តាមខ្នងផ្ទះ ទីសាធារណៈ និងសាលារៀន ដោយបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏មុតស្រួចរបស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងខិតខំជំរុញគ្រប់លទ្ធភាព ដើម្បីឱ្យខេត្តពោធិ៍សាត់ក្លាយជាទីក្រុងបៃតង មានបរិស្ថានល្អ និងមានសោភ័ណភាពស្រស់បំព្រង។ ទន្ទឹមនឹងការដាំដើមឈើ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើបន្ថែមដល់យុវជនទាំងអស់ ឱ្យក្លាយជាគំរូដ៏ល្អនៅក្នុងសហគមន៍ ដោយត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការ “សម្អាតអនាម័យបរិស្ថាន” និងការ “ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ”។
លោក រុន សារី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា យុវជនដែលជាទំពាំងស្នងឫស្សី នឹងក្លាយជាកម្លាំងចលករដ៏សំខាន់បំផុត ក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាគោលដៅទីក្រុងស្អាត ទីក្រុងបៃតង ជាទីកន្លែងដែលគួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ មកកាន់ខេត្តយើងឱ្យកាន់តែច្រើនឡើង៕












































