រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

15-06-2026 13:58

(កំពង់ធំ)៖ លោក តេ យក់ស៊ូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ហាន កុសល អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលរងក្រុងស្រុក ប្រជាពលរដ្ឋ និងសិស្សនិស្សិតប្រមាណជាង ១.០០០ នាក់ផងដែរ។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានធ្វើរបាយការណ៍ ស្តីពីរផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៦ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ សរុប ៣០០០ នាក់ ដែលក្នុងនោះរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ នេះ វិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុប ៤០០នាក់ ស្រី ២៤៤នាក់។ ដូចនេះវិទ្យាស្ថានត្រូវត្រៀមបណ្តុះបណ្តាលសិស្សដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងបងប្អូនអតីតពលករត្រលប់មកពីប្រទេសថៃសរុបចំនួន ២៦០០ នាក់ទៀត ទើបគ្រប់តាមផែនការ ។

លោក ហាន កុសល បានលើកឡើងថា ការប្រារព្ធទិវាជាតិនេះឡើង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលកម្ពុជាកំពុងពន្លឿនការ អភិវឌ្ឍមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងឧស្សាហកម្ម។ ដើម្បីផ្តល់លទ្ធភាពកទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់ អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់បណ្តុះបណ្តាលសិស្ស ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បងប្អូនអតីតពលករត្រលប់មកពីប្រទេសថៃ ឱ្យទទួលបាននូវជំនាញ់មួយដ៏ពិតប្រាកដ៏ និងលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

លោកបន្តថា ការផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីខ្សែចង្វាក់តម្លៃនៃ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស ជាការបំពាក់បំប៉នចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដែលអាចយកទៅអនុវត្តបានភ្លាមៗ ឆ្លើយតបចំគោលដៅនៃតម្រូវការក្រុមហ៊ុន រោងចក្រ និងសហគ្រាស។ ហើយសិស្ស និស្សិតឬសិក្ខាកាមដែលបញ្ចប់ការសិក្សាមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ដោយសារជំនាញបច្ចេកទេសកំពុងមានតម្រូវការខ្ពស់ នៅពេលមានការងារច្បាស់លាស់ យុវជន និងមានប្រាក់ចំណូលសមរម្យ និងស្ថិរភាព ដែលជួយលើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជួយជំរុញសេដ្ឋកិច្ចជាតិ។

លោក ហាន កុសល សំណូមពរយុវជន មាតាបិតា និងជម្រុញបន្ថែម ដល់អាជ្ញាធរឃុំ-សង្កាត់ មេត្តាជួយផ្សព្វផ្សាយ និងជ្រើសរើសយុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបងប្អូនពលករត្រឡប់មកពី ប្រទេសថៃឲ្យមកចុះឈ្មោះចូលរៀន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវផ្លាស់ប្តូរផ្នត់គំនិតងាកមកចាប់អារម្មណ៍ និងផ្តល់តម្លៃខ្ពស់លើការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជា «ឆ្នាំងបាយមាស» មិនចេះរីងស្ងួត៕