កម្លាំងគណៈបញ្ជាការឯកភាពស្រុកចន្ទ្រា បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ជនជាតិវៀតណាម ១០នាក់
15-06-2026 13:58
(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានដល់ការបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ (ស្រី២នាក់)។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា ពេលចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើស រួមមាន៖ កំព្យូទ័រលើតុ All-In-One, កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តបទល្មើសបានក្រុមការងារសម្រេចបិទសៀលជាបណ្ដោះអាសន្ន៕














