លោកបណ្ឌិត អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងកូឡាឡាំពួរ
15-06-2026 14:01
(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកឧត្តមក្រុមប្រឹក្សា និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសម្ព័ន្ធពិភពឥស្លាម (MWL/ RABITA ) កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ូហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ាកាស់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលជំនួបនេះបានប្រព្រឹត្តទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។
ក្នុងឱកាសនៃជំនួបនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អគ្គលេខាធិការ ដែលបានផ្តល់ជំនួយមនុស្សធម៌ជូនដល់ជនភៀសសឹកចំនួន ១,៦០០គ្រួសារនៅខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ។
លោកបានកោតសរសើរខ្ពស់ចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម បានប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ ដោយមិនមានការរើសអើងប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាឡើយ ជាក់ស្ដែងដូចអំណោយដែលបានចែកជូនទាំង១,៦០០គ្រួសារនោះ គឺមានបងប្អូនខ្មែរឥស្លាមតែ៧ គ្រួសារតែប៉ុណ្ណោះ ក៏ដូចជាកន្លងទៅក្នុងពេលមានគ្រោះទឹកជំនន់ អង្គការនេះក៏បានផ្ដល់ជូនអំណោយចំនួន៥,០០០គ្រួសារ គឺក្នុងនេះមានបងប្អូនខ្មែរឥស្លាម តែជាង៣០០គ្រួសារប៉ុណ្ណោះ ។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ក៏បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនដោយផ្ទាល់ដល់អគ្គលេខាធិការផងដែរ។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកជម្រាបជូនអំពីភាពជោគជ័យនៃការរៀបចំសន្និសីទកំពូលលើកទី១ ស្តីពីឥស្លាម និងពុទ្ធសាសនា ដែលទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាទាំងពីរចំនួនជាង១,០០០អង្គ/នាក់ និង មានតំណាងមេដឹកនាំសាសនាកំពូលៗមកពី ៣១ប្រទេស ព្រមទាំងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ក៏បាននិមិន្តចូលរួម រួមទាំងព្រះមេគុណ និងអនុខេត្ត មកពីគ្រប់រាជធានី ខេត្ត។
លោកបានគូសបញ្ជាក់ថា «សន្និសីទនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងការបន្តកសាងនូវសង្គមមួយដែលពោរពេញដោយសុខដុមនីយកម្ម»។ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការរៀបចំសន្និសីទនេះ សម្រាប់រាល់ឆ្នាំម្ដង ឬ យ៉ាងហោចណាស់នៅរៀងរាល់២ ឆ្នាំម្ដង។
ជាការឆ្លើយតប លោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទនេះ។ បន្ថែមពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងត្រៀមរៀបចំសន្និសីទកំពូលលើកទី២នៅឆ្នាំក្រោយនៅប្រទេសកម្ពុជា។
លោកអគ្គលេខាធិការក៏បានកោតសរសើរអំពីភាពជាអ្នកដឹកនាំដែលសម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ហើយបន្តមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរក្សាការពារបាន និងបានផ្ដល់គោលនយោបាយប្រកបដោយភាពបុិនប្រសប់ក្នុងការដឹកនាំ និង ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដោយជំរុញលើការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕





















