សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំពិធីបើកកម្មវិធី សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦

15-06-2026 14:06

(ស្វាយរៀង)៖ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦ (SRU UniPreneur 2026)» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោកស្រី ចៅ លីសា ប្រធានក្រុមធុរកិច្ច និង​បណ្តាញទំនាក់ទំនងនៃសហគ្រិនខ្មែរ តំណាង លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងលោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែន ប្រធានសមាគម​សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd ដោយមានការចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ភ្ញៀវកិត្តិយស និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ ៤៥០ នាក់។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦នេះ បាននាំក្រុមនិស្សិតចំនួន ១៨ក្រុម​ ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរៈកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយលើកឡើងថា «ធ្វើអ្វីក៏ដោយ ធ្វើឲ្យលះ ធ្វើឲ្យសកម្ម គំរូអាជីវកម្មធ្វើយ៉ាងណាឲ្យផលិត​ផល ឬសេវាកម្មយើងមានចំណុចពិសេសខុសប្លែកពីគេ ដែលដៃគូមិនអាចធ្វើដូចបាន» ហើយជាសក្តានុពលមួយដែរសម្រាប់ទីតាំងភូមិសាស្រ្តខេត្តស្វាយរៀងសម្បូរ​ទៅដោយតំបន់សេដ្ឋកិច្ចពិសេស មានក្រុមហ៊ុនសហគ្រាសច្រើន មានអ្នកវិនិយោគច្រើន ដែលអាចជាឱកាសនៅក្នុងការបង្កើតនវានុវត្តន៍ថ្មីៗបន្ថែម ដើម្បីផ្តល់សេវាគាំទ្រ ទៅដល់បណ្តាក្រុមហ៊ុន រោងចក្រទាំងអស់នោះ ក៏ដូចជាឱកាសក្នុងការស្វែងរកអ្នកវិនិយោគ ដើម្បីដាក់ទុនលើផែនការ អាជីវកម្មយើង (Start-Up)។ សម្រាប់បេក្ខជនដែលបានចុះឈ្មោះចូលរួមកម្មវិធីគឺបានឈ្នះនូវការបេ្តជ្ញាចិត្ត ការតស៊ូព្យាយាម សូមបន្តកុំបោះបង់។

ដំណើរការកម្មវិធីដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗចំនួន៥ (វគ្គផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម, វគ្គតម្រង់ទិសនិងបណ្តុះបណ្តាលអំពីសហគ្រិនភាព និងផែនការអាជីវកម្ម, វគ្គប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ, វគ្គអភិវឌ្ឍន៍គំរូផលិតផល, វគ្គប្រកួតប្រជែងផ្តាច់ព្រ័ត្រ)។

លោកស្រី ចៅ លីសា តំណាងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ​ បានថ្លែងសុន្ទរកថាគន្លឹះ ដោយផ្តោត លើកម្មវិធីសហគ្រិនមហាវិទ្យាល័យ និង វិស័យជាអាទិភាព «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំងនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះនិស្សិត និងអតីតនិស្សិតនៃសាកលវិទ្យាល័យ ស្វាយរៀង មានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»

លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែន ប្រធានសមាគម​សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd បានចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ដោយផ្តោតទៅលើ «ដំណើរឈានឆ្ពោះទៅចាប់អាជីពជាសហគ្រិន» សហគ្រិនខុសពីអ្នករកស៊ីធម្មតា ដោយសារសហគ្រិនមានសមត្ថភាពពង្រីកសក្តានុពល ផ្តោតលើនវានុវត្តន៍ បង្កើតបាននូវគុណតម្លៃបន្ថែមសម្រាប់ផលិតផល ឬសេវាកម្ម ចូលរួមចំណែកជាអត្តសញ្ញាណមួយដែលធ្វើឲ្យអ្នកដទៃបានស្គាល់ និងបានចង់ចាំ។ ការរៀនសូត្រត្រូវចេះឲ្យច្បាស់ គំនិតបង្កើតដំណោះស្រាយថ្មី ត្រូវសិក្សាឱ្យបានស៊ីជម្រៅ មើលថាតើទិដ្ឋភាពជារួមនៅទីផ្សារសេដ្ឋកិច្ច ក្នុងស្រុក និងលើពិភពលោកមានហើយឬនៅ ដើម្បីចៀសវាងបាននូវភាពបរាជ័យ។

សូមបញ្ជាក់ថា ក្រុមនិស្សិតឆ្នើមដែលបានជាប់ជ័យលាភី និងមានឱកាសបន្តក្នុងការប្រកួតថ្នាក់តំបន់ និងថ្នាក់ជាតិ (UniPreneur National Challenge ) ដែលឧបត្ថម្ភគាំទ្រ និងសម្របសម្រួលដោយ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាដៃគូ៕