បេក្ខជន និងសកម្មជន៦៣នាក់ របស់គណបក្សភ្លើងទៀននៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
15-06-2026 14:07
(កណ្តាល)៖ បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៦៣នាក់ ជាសមាជិកគណបក្សភ្លើងទៀនឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល មកពីគណបក្សភ្លើងទៀន បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានការងារចលនាកសាងសមាជិកគណបក្សប្រជាជននៅមូលដ្ឋានខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្ដល់ភាពកក់ក្តៅ ដល់បេក្ខជនសកម្មជនរបស់គណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទើបពេលនេះលោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និងក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូន ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅស្រុកល្វាឯម។
លោកបណ្ឌិតបានបន្តថា ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
លោកបន្តថា ពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕


























