រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការស្តារប្រព័ន្ធលូ ស្តារអណ្តូង នៅក្នុងមូលដ្ឋានខណ្ឌ៥ នៅកណ្តាលរាជធានី
15-06-2026 14:17
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ និងណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការបញ្ចៀសការជន់លិចដោយទឹកភ្លៀងក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនស្តារប្រព័ន្ឋប្រឡាយ លូ និងសាងសង់ស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញរួចរាល់ ក៏បន្តបើកយុទ្ឋនាការស្តារប្រព័ន្ធលូ ស្តារអណ្តូង និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌ៥ នៅកណ្តាលរាជធានីភ្នំពេញទៀត។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀង នៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តបូមលូ ចំនួន១២គ្រឿង។
លោក ឯក ឃុនដឿន បានលើកឡើងថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់ មុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដូនពេញមុនគេ។
ចំពោះខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមស្តារអណ្តូងលូ សម្អាតប្រព័ន្ធលូ ចំនួន១០ខ្សែ ក្នុងនោះ រួមមាន៖
១៖ ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ។
២៖ ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង ២,០៣០ម៉ែត្រ។
៣៖ ផ្លូវលេខ១៥៤ សងខាងផ្លូវប្រវែង ២,៥៦១ម៉ែត្រ។
៤៖ ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ។
៥៖ ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ។
៦៖ ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ។
៧៖ ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ។
៨៖ ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
៩៖ ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។
១០៖ ស្តារប្រព័ន្ឋលូ នៅជ្រុងខាងជើង និងខាងលិចផ្សារ កណ្តាល ប្រវែង៣០២ម៉ែត្រ ដែលជាចំណុចទឹកហូរចាក់មកពីគ្រប់ទិស ចូលក្នុងប្រព័ន្ឋលូនេះ ។
ក្រោយបញ្ជប់ការងារនៅខណ្ឌដូនពេញហើយ យើងនឹងបន្តទៅខណ្ឌ៤ទៀត រួមមានខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ។
ក្នុងនាមអភិបាលរាជធានីភ្នំពេញ លោក ឯក ឃុនដឿន បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និង បរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕































