អគ្គនាយក ARDB លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន បណ្តុះផ្សិតចំបើងមួយកន្លែងនៅស្រុកមុខកំពូល បង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់
15-06-2026 14:47
(កណ្ដាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។
កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋានមុខកំពូល (Mukompul Farm) មានទីតាំងស្ថិតនៅតាមផ្លូវលំ (មេទឹកកើយ) ភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។
ក្នុងការអញ្ជើញពិនិត្យនេះ លោកបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រ កាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។
លោកបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវ តាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។
យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិត នៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារលក់ដុំនៅរាជធានីភ្នំពេញ ក្នុងតម្លៃសមរម្យ ដែលអាចជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស ហើយបង្កើតផលិតផលកសិ-អាហារសម្រាប់ប្រជាជនកម្ពុជា។
អ្នកគ្រប់គ្រងខាងលើនេះ បានបញ្ជាក់បន្ថែមថា កសិដ្ឋានមុខកំពូល គឺជាកសិដ្ឋានអេកូឆ្លាតវៃ ដែលផ្តោតលើកសិកម្មប្រកបដោយនិរន្តរភាព និងប្រើប្រាស់វត្ថុធាតុដើមនៅក្បែរៗកសិដ្ឋាន ឬប្រមូលពីតំបន់ជិតខាង ក្នុងគោលដៅកាត់បន្ថយកាកសំណល់កសិកម្ម នៅក្នុងសហគមន៍។ លើសពីនេះ វត្ថុធាតុដើមសម្រាប់បណ្តុះផ្សិត ដូចជាចំបើងជាដើម ក្រោយពីប្រើប្រាស់រួច ត្រូវបានកែច្នៃជាជីកំប៉ុសថែមទៀត គឺមិនមានអ្វីត្រូវបោះចោលជាកាកសំណល់ឡើយ៕














