លោក ចាន់ យុត្ថា៖ ការធ្វើបច្ចុប្បន្នភាព និងអនុម័តបញ្ជីសមាជិកថ្មី ដើម្បីធានាតម្លាភាពភាពបែបប្រជាធិបតេយ្យ និងឈ្នះរាល់សមរភូមិបោះឆ្នោត

15-06-2026 15:00

(កំពង់ធំ)៖ លោក ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាព និងអនុម័តបញ្ជីសមាជិកថ្មី គឺដើម្បីធានាតម្លាភាពភាពបែបប្រជាធិបតេយ្យ និងឈ្នះរាល់សមរភូមិបោះឆ្នោត។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង បានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការចាប់ផ្ដើម និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ឈានទៅដំណើរការនិងទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។

លោក ចាន់ យុត្ថា បានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពស្ថិតិសមាជិកគណបក្សបានត្រឹមត្រូវ ជាក់លាក់ និងអនុវត្តបានខ្ជាប់ខ្ជួនតាមកាណែនាំ ហើយគោរពតាមនីតិវិធីជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត តាមសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជានោះយើងនឹងទទួលបាននូវលទ្ធផលឈ្នះយ៉ាងពិតប្រាកដពីការបោះឆ្នោត។

លោកបានបន្ថែមថា ក្រុមការងារគណបក្សក្នុងមូលដ្ឋាន ត្រូវតែមានភាពប្រាកដប្រជា និងតម្លាភាពក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជី និងស្ថិតិសមាជិកសមាជិការបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងជាក់ស្ដែងបំផុត ពិសេសបេក្ខជន ឈរលេខរៀងទី១ ឬជាមេឃុំ ឬជាប្រធានក្រុមប្រឹក្សាឃុំ ត្រូវតែជាបុគ្គលដែលមាន មានសក្តានុពល ប្រជាប្រិយភាពមានទំនួលខុសត្រូវ មានសាមគ្គីភាពខ្ពស់និងស្វាមីភក្តិបំផុត។ ល។ ដើម្បីធានាបានថា សមាជិកសមាជិកាបក្សម្នាក់ ជាម្ចាស់សន្លឹកឆ្នោតបានការ១សន្លឹក ដែលបោះជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចប្រជុំប្រកបដោយបរិយាកាសសាមគ្គីភាពស្និទ្ធស្នាលក្រុមការងារគណបក្សបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំ និងអនុវត្តផែនការនយោបាយមូលដ្ឋានឱ្យបានតាមការដាក់ជូនរបស់បក្ស ដោយប្តេជ្ញាយកឈ្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ឲ្យខាងតែបានដាច់ខាត៕