ថ្ងៃនេះ ខួប៣៤ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា !
15-06-2026 15:11
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃខួប៣៤ឆ្នាំ (១៥ មិថុនា ឆ្នាំ១៩៩២-១៥ មិថុនា ២០២៦) នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ការធ្វើដំណើរ៣៤ឆ្នាំ នៃបេសកកម្មមនុស្សធម៌ ក្នុងការចូលរួមសម្រេចទស្សនវិស័យ៖
១៖ ការលុបបំបាត់ការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម
២៖ ការផ្តល់ក្តីសង្ឃឹមជូនជនរងគ្រោះឡើងវិញ
៣៖ ការចូលរួមកសាងភាពរុងរឿងឡើងវិញ សម្រាប់សង្គមកម្ពុជា ដើម្បីសម្រេចទស្សនវិស័យទាំងនេះ យើងបានឆ្លងកាត់ប្រឈមមុខ ការលំបាកស្មុគស្មាញយ៉ាងច្រើន ឥតគណនា
ហើយសម្រេចបាននូវជោគជ័យជាក់ស្តែងមួយចំនួនរួចហើយ ប៉ុន្តែមរតកសំណល់យុទ្ធភណ្ឌសង្គ្រាមចាស់-ថ្មី នៅតែមានវត្តមានបន្តគំរាមកំហែង ដល់សុខសុវត្ថិភាព និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋខ្មែរនៅឡើយ ដូចនេះភាពម្ចាស់ការបន្តប្រឈមមុខ ដោះស្រាយវិបត្តិនេះ នៅតែមានភាពចាំបាច់និងសំខាន់សម្រាប់ប្រជាជននិងប្រទេសជាតិ។
សូមឆ្លៀតឱកាសដ៍ប្រពៃនេះ លោក ហេង រតនា សូមឧទិ្ទសសមិទ្ធផល និងស្នាដៃដែលអង្គភាពសម្រេចបាន ក្នុងរយៈពេល៣៤ឆ្នាំ ជូនអ្នកបានពលី និងបាត់បង់អាយុជីវិតក្នុងបុព្វហេតុដ៍ថ្លៃថ្លានេះ៕















