ប្រើហិង្សាលើអតីតសង្សារ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន

15-06-2026 15:22

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ឹង ប៊ុនឃាង អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រើហិង្សាលើអតីតសង្សាររបស់ខ្លួន។

ជនរងគ្រោះឈ្មោះ កង សុឃន អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យបានប្រើហិង្សាកាលពីវេលាម៉ោង ២២៖១០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួលរបស់ជនរងគ្រោះ។

ក្រោយពីទទួលបានបណ្តឹងរបស់នារីរងគ្រោះ, កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង ១៩៖០០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ រួចបានឃាត់ខ្លួនជនៅចំណុចបន្ទប់ជួល ភូមិបាលិលេយ្យ១។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើឈ្មោះ កង សុឃន ដែលជាអតីតសង្សារចាស់របស់ខ្លួនពិតប្រាកមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានរបួសស្នាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

ការឃាត់ខ្លួននេះ ទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕