អភិបាលរងខេត្តឧត្ដរមានជ័យ អំពាវនាវយុវជន យុវនារីទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់ៗគ្នា ដើម្បីមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត
15-06-2026 15:30
(ឧត្តរមានជ័យ)៖ លោក ហួន វ៉ាន់និត អភិបាលរងខេត្តឧត្តរមានជ័យ បានអំពាវនាវយុវជនយុវនារីទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យបានគ្រប់ៗគ្នា ដើម្បីមានជំនាញច្បាស់លាស់ក្នុងការ ប្រកបមុខរបរចិញ្ចឹមជីវិត លើកស្ទួយកម្រិតជីវភាពក្នុងគ្រួសារ។
ការថ្លែងរបស់លោក ហួន វ៉ាន់និត អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅមជ្ឆមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីរៈខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
លោក ពៅ សារួន នាយកស្ដីទី នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានថ្លែងលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមក ពីគ្រួសារក្រីក្រ នឹងគ្រួសារងាយរងហានីភ័យ ចំនួន១,៥លាននាក់។
លោកថា បានបើកវគ្គបណ្តុះបណ្តាលចំនួន ៦ វគ្គ ដែលមានសិក្ខាកាមសរុបចំនួន១៤៧ នាក់ ស្រីចំនួន ៩៥ នាក់ ដែលបែងចែកតាម ជំនាញរួមមាន៖
*ជំនាញ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ចំនួន ១វគ្គ មាន សិក្ខាកាមសរុបចំនួន ១៤នាក់
*ជំនាញ សេវាកម្មកុំព្យូទ័រចំនួន ១វគ្គ មានសិក្ខាកាមសរុបចំនួន ១៩នាក់ ស្រី ១៣នាក់
*ជំនាញ សេវាកម្មការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៤វគ្គ មាន សិក្ខាកាមសរុបចំនួន ១១៤នាក់ ស្រី ៨២នាក់។
ដោយឡែកលោក ម៉ូតសុខ មេសា ប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងថា ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបាន យល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
លោក ហួន វ៉ាន់និត អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្ត ក្នុងការផ្តល់លទ្ធភាព ឱ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិត។
ក្នុងនាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោក ហួន វ៉ាន់និត បានថ្លែងអំពាវនាវដល់យុវជន យុវនារីទាំងអស់ ត្រូវមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគ្រប់ៗគ្នា ដើម្បីមានជំនាញច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ស្របតាមយុទ្ធសាស្ត្រ បញ្ចកោដ្ឋ ដំណាក់កាលទី១ ដែលបានកំណត់អាទិ៍ភាពគន្លឹះទី១ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត នឹងភាពប្រកួតប្រជែងខ្ពស់ដោយសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”៕





























