ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន៣៧រូប មកពីឃុំចំនួន៣ ក្នុងស្រុកសាមគ្គីមុន្នីជ័យ គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

15-06-2026 15:31

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាង សមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ចុះទទួល ភ្នាក់ងារសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន៣៧រូប មកពីឃុំភ្នំតូច ឃុំមានជ័យក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ភ្នាក់ងារ និងសកម្មជនទាំងនេះ គោរពស្នើសុំសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សូមរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានស្នើសុំចូលរួមជាមួយគណបក្សប្រជាជន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោយដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

ភ្នាក់ងារសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន៣៧រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព។

ថ្លែងក្នុងឱកាសនោះលោក ទី ប៊ុនថេង បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងចំណាយពេលវេលា ដោយទទួលខុសត្រូវ យ៉ាងមុតមាំរបស់ក្រុមការងារទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចការងារដែលបានប្រគល់ជូនដ៏មានតម្លៃក្នុងឱកាសនេះ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។

ជាមួយគ្នានេះ លោកបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។

លោកបន្តថា ការចុះទទួលភ្នាក់ងារសកម្មជនគាំទ្រគណបក្សភ្លើងទៀន នាថ្ងៃនេះសម្រាប់ឃុំភ្នំតូច ឃុំមានជ័យ និងឃុំដំបូក មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង៕