សហភាពអឺរ៉ុប សហការជាមួយសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) ដើម្បីផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរទៅរៀននៅអឺរ៉ុប

15-06-2026 15:35

(កណ្តាល)៖ កាលពីចុងសប្ដាហ៍នេះគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបទបង្ហាញពីឱកាសអាហារូបករណ៍សំខាន់ៗក្រោមកម្មវិធី អាហារូបករណ៍ Erasmus+ ដល់និស្សិតជិត៣០០នាក់ រួមទាំង សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានជួបជុំគ្នានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បួរ គ្រី (SBKU) ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការនៃ SBKU បានចាត់ទុកព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការប្រវត្តិសាស្ត្រដ៏សំខាន់» សម្រាប់សាកលវិទ្យាល័យ។ ព្រះអង្គបានសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុបចំពោះភាពជាដៃគូរបស់SBKU ដោយកត់សម្គាល់ថាចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មក គំនិតផ្តួចផ្តើមផ្សព្វផ្សាយអាហារូបករណ៍អឺរ៉ុបបានទៅដល់និស្សិតនៅទូទាំងខេត្តចំនួនប្រាំមកហើយ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានព្រះថេរដីកាថា សព្វថ្ងៃនេះ SBKU ពិតជាមានមោទនភាពដែលបានឈរក្នុងចំណោមសាកលវិទ្យាល័យក្នុងស្រុកទាំងបួនដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការដ៏សំខាន់មួយនេះ។ នៅពេលដែលនិស្សិតកម្ពុជាសិក្សានៅអឺរ៉ុប ពួកគេត្រឡប់មកវិញមិនត្រឹមតែជាមួយនឹងសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងចំណេះដឹងទូលំទូលាយ និងគំនិតឈ្លាសវៃជាងមុន ។ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ យើងត្រូវការធនធានមនុស្សបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ។

លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៅស្ថានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា៖ ទាំងនេះមិនមែនគ្រាន់តែជាឱកាសសិក្សានៅបរទេសនោះទេ វាគឺជាផ្លូវដើម្បីដោះស្រាយបញ្ហាពិតប្រាកដ ដើម្បីសម្រេចបានអនាគតដ៏ត្រចះត្រចង់។

ជាមួយគ្នានេះ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន Erasmus National Local Point បានថ្លែងថា សហភាពអឺរ៉ុបទាំងមូលឥឡូវនេះគឺជាថ្នាក់រៀនរបស់អ្នកទាំងអស់គ្នា អាហារូបករណ៍ទាំងនេះគឺជាស្ពានរបស់និស្សិតយើងទៅកាន់ការអប់រំលំដាប់ពិភពលោក និងជំនាញដែលកម្ពុជាត្រូវការដើម្បីការរីកចម្រើន។

សាស្ត្រាចារ្យបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យនឹងរៀបចំបង្កើនការដាក់ពាក្យស្នើសុំរបស់និស្សិតកម្ពុជាទ្វេដងទៅកាន់កម្មវិធីសហភាពអឺរ៉ុបក្នុងរយៈពេល២ឆ្នាំខាងមុខនេះ៕