រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព

15-06-2026 15:49

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរអង្គភាព និងវិស័យឯកជន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បាន ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល»​ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សាការងារនៅក្នុង និងក្រៅប្រទេស។

ពិធីនេះ ក្រោមវត្តមានរបស់លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប, លោក ចន្ទ័ សុខុមចិត្ដា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប, លោកបណ្ឌិត ម៉ប ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ តំណាងអង្គការសមាគមជាតិ-អន្តរជាតិ តំណាងសហគ្រាស គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងសិស្ស និសិត្សចូលរួមផងដែរ។

ថ្លែងក្នុងទិវានេះ លោក ឌី រ៉ាដូ បានលើកឡើងថា ការជ្រើសរើសប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិក្នុងឆ្នាំនេះ បានបង្ហាញ និងឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរ ដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ តាមរយៈការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងមានភាពប្រកួតប្រជែងខ្ពស់ ដើម្បីឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ការធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារកាន់តែប្រសើរ និងការបង្កើនប្រាក់ចំណូល ប្រកបដោយស្ថិរភាព និងបរិយាបន្ន ដោយបានកំណត់ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

លោកបានបន្តថា គោលដៅសូចនាករគន្លឹះ ដែលបានកំណត់ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ហើយឆ្លើយតបទៅនឹងយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, និងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បម្រែបម្រួល អាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។

លោកលោក ឌី រ៉ាដូ បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវ «កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស» ដែលមានចំនួនប្រមាណ១.៥លាននាក់ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

លោកបណ្ឌិត ម៉ប ស៊ីនួន បានលើកឡើងថា សិស្សានុសិស្សដែលត្រៀមបញ្ចប់ការសិក្សា នៅសាលាចំណេះទូទៅ យុវជនដែលបោះបង់ចោលការសិក្សា យុវជនដែលស្ថិតក្នុងគ្រួសារមានប ណ្ណសមធម៌ ( ក្រីក្រ១ និងក្រីក្រ២) គ្រួសារមានបណ្ណងាយរងហានិភ័យ ពលករត្រឡប់ពីប្រទេសថៃ ក៏ដូចជាជូន ដំណឹងដល់មហាជនដែលបានអញ្ជើញចូលរួមក្នុងទិវាជាតិនេះឱ្យបានជ្រាបថា វិទ្យាស្ថានទាំងពីរ មានផែនការជ្រើស រើសសិស្ស និស្សិតចូលរៀនជាបន្តបន្ទាប់តាមផែនការ។

លោកបានបន្តថា ការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (១.៥M) សិក្សារយៈពេល៤ខែ ទៅ១០ខែ ចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ និងចូលរៀនរៀងរាល់ដើមខែ លើជំនាញដូចជា៖ ការងារជាងកំបោរ, ការ តបណ្តាញបំពង់ទឹក, បណ្តាញអគ្គិសនីក្នុងអគារ, ថែទាំ និងជួសជុលបរិក្ខារត្រជាក់, ថែទាំ និងជួសជុលរថយន្ត, ថែទាំ និងដំឡើងកាមេរ៉ាសុវត្ថិភាព, កាត់សក់បុរស, សាឡន ជំនួយការចុងភៅ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវា កម្មជួសជុលកុំព្យូទ័រ, ការផលិតនំ និងធុរកិច្ចភេសជ្ជៈ។

ជាមួយនេះ លោកបញ្ជាក់ថា ការបណ្ដុះបណ្តាលនេះដំណើរការ និងសម្របសម្រួលដល់បងប្អូនយុវជន ដោយចែកជាវេនថ្ងៃចន្ទ-សុក្រ(ព្រឹក-រសៀល) វេនចន្ទ-សុក្រ(ពេលយប់) និងវេនសៅរ៍-អាទិត្យ ព្រមទាំងមានវេនផ្សេងទៀត បត់បែនតាមស្ថានភាពរបស់ក្រុមគោលដៅយើង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាន អនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី «រៀនឱ្យចេះ ឱ្យចប់ ឱ្យមានការងារធ្វើ»៕